រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មនុស្សបុរស-ស្ត្រី៧នាក់បានប្រមូលផ្ដុំគ្នាឈរកាន់បដារ និង បង្ហោះប៉េងប៉ោង ធ្វើការទាមទារសុំឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សចំនួន៤រូប និង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូប ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមសកម្មជនទាំង៧នាក់នោះ មានស្ត្រីចំនួន៦នាក់ និងបុរសម្នាក់ ដែលបុរសនោះមិនបានពាក់អាវខ្មៅនោះឡើយ អ្នកទាំងនោះមកពីសហគមន៍ដីធ្លីថ្មគោល (SOS) ដឹកនាំដោយអ្នកស្រី ច្រាយ នីម អាយុ៣៨ឆ្នាំ ដែលជាអ្នកតស៊ូមតិដ៏សកម្មម្នាក់ ហើយពួកគាត់តែងព្យាយាមធ្វើសកម្មភាពតវ៉ានេះច្រើនដងមកហើយ មិនតែប៉ុណ្ណោះរាល់លើកក៏ត្រូវនគរបាលឃាត់ខ្លួនរហូតដែរ ។ ដោយឡែកលើកនេះកម្លាំងសមត្ថកិច្ចនគរបាល និង កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីនោះដែរ ប៉ុន្តែមិនបានបង្ក្រាប និង ចាប់ខ្លួននោះទេ ដោយសារតែអ្នកតវ៉ាធ្វើសកម្មភាពនៅមួយកន្លែង មិនបានហែរទៅកាន់កន្លែងផ្សេងឡើយ និងបានបែកគ្នាក្រោយពេលកម្លាំងទៅដល់ ។
ប្រភពដដែលបានបន្តថា ការចាប់ខ្លួនកន្លងមកដោយសារពួកគាត់នាំគ្នាដង្ហែរក្បួនដើរតាម ផ្លូវ បង្កការប៉ះពាល់ដល់សណ្ដាប់ធ្នាប់តាមដងផ្លូវ ហើយ
ក្រោយចាប់ខ្លួន គឺសមត្ថកិច្ចគ្រាន់តែបាននាំពួកគាត់ទៅសាកសួរ និង ធ្វើការអប់រំ ធ្វើកិច្ចសន្យា រួចដោះលែងទៅវិញជាបន្តបន្ទាប់ ។ ប៉ុន្តែទោះបីជាបែបណា ពួកគាត់នៅតែព្យាយាមតស៊ូមតិដដែល ហើយពួកគាត់និយាយថា និង ធ្វើបែបនេះរហូតអាជ្ញាធរ និងសមត្ថកិច្ចដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ដែលត្រូវចាប់ខ្លួននោះមកវិញ ។
មន្ត្រីអាជ្ញាធរមួយរូបបាននិយាយថា ការស្លៀកពាក់ខ្មៅប្រមូលផ្ដុំគ្នាធ្វើការតវ៉ាដោយគ្មានការអនុញ្ញាត គឺចាត់ទុកជារឿងខុសច្បាប់ ហើយមិនអនុញ្ញាតឲ្យធ្វើឡើយ កន្លងមកពួកគាត់ធ្លាប់ទទួលការអប់រំរហូតមានកិច្ចសន្យាបញ្ឈប់ សកម្មភាពជាច្រើនដងហើយ ប៉ុន្តែពួកគាត់មិនបានគោរពឡើយ នៅតែបន្តធ្វើសកម្មភាពដដែលៗនោះជាបន្តបន្ទាប់ទៀត ៕