ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងសង្វៀនបញ្ជល់មាន់ដុះស្លែមួយកន្លែងស្រែកហ៊ោកញ្ជ្រៀវពេញ ភូមិព្រះស្ដេច ឃុំតាប៉ុន ស្រុកសង្កែ តែត្រូវបានបែកហ្វូងភ្លាមៗ កាលពីម៉ោង៤រសៀលថ្ងៃទី២៧ មិថុនា បន្ទាប់ពីលោកអធិការស្រុកបញ្ជាឱ្យផ្អាកសកម្មភាព ដោយសារបែកធ្លាយដល់អ្នកសារព័ត៌មានទូរស័ព្ទទៅសួរនាំពីល្បែង បញ្ជល់មាន់នេះ ។
ប្រជាពលរដ្ឋបានប្រាប់ថា អ្នកគ្រប់គ្រងសង្វៀនបញ្ជាល់មាន់ពីមុនឈ្មោះស្នា ជាមន្ត្រីនគរបាលស្រុកសង្កែ តែពេលនេះ បានប្ដូរឲ្យបុរសម្នាក់ឈ្មោះហន ដែលមានផ្ទះនៅក្បែរនោះ ជាអ្នកគ្រប់គ្រងវិញ ឯខ្លួនឯងធ្វើថៅធំ ។
ប្រភពដដែលបន្តថា សង្វៀននេះ បើកដំណើរការយូរហើយ តែគ្មានការបង្ក្រាបពីសមត្ថកិច្ច ឬអាជ្ញាធរទេ ។ លុះនៅរសៀលថ្ងៃទី២៧ មិថុនា មនុស្សប្រហែលជិត១០០នាក់ បានទៅជល់មាន់ស្រែកហ៊ោយ៉ាងកងរំពង ប៉ុន្តែស្រាប់តែបែកហ្វូងរត់ព្រាត ។
បើតាមព័ត៌មានថា លោកអធិការស្រុកសង្កែបានទូរស័ព្ទប្រាប់ឱ្យផ្អាកភ្លាមៗ បន្ទាប់ពីសកម្មភាពនេះ បានបែកធ្លាយដល់អ្នកសារព័ត៌មាន ដែលបានសម្ភាសន៍ ៕