ហូប​ទឹក​ប្តូរ​និស្ស័យ​ចាក់​ធ្លាយ​ពោះវៀន​

28-June-2016 | ដោយ មែន កំសត់


​កណ្តាល​៖ ដោយសារ​ហូប​ទឹក​ប្តូរ​និស្ស័យ​ដែល​គេ​និយម​ហៅថា​គ្រឿង​ស្រវឹង​នោះ ធ្វើ​ឲ្យ​បុរស​ពីរ​នាក់​មាន​ជម្លោះ​រហូត​ឈានដល់​ការចាក់​ធ្លាយ​ពោះវៀន ។  ទោះបីយ៉ាងណា ជនដៃដល់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​ត្រូវ​តុលាការ​ឃុំខ្លួន​ដាក់ ពន្ធនាគារ​បណ្តោះអាសន្ន រីឯ​ជនរងគ្រោះ​ស្ថិតក្រោម​ការសង្គ្រោះ ។​

​មន្ត្រី​តុលាការ បាន​ឲ្យ​ដឹងថា ជនដៃដល់​មានឈ្មោះ វ៉ាង សុក អាយុ​១៨​ឆ្នាំ  ជា​ជនជាតិ​វៀតណាម ត្រូវបាន​លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ក្រោម​ការចោទប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។  បទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។

​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ង្វៀង យុំា​ង​ផាប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម មានមុខរ​បរជា​កម្ម​ករ​សំណង់ ។​
​គួររំលឹកថា ហេតុការណ៍​អំពើហិង្សា​នេះ កើតឡើង​គឺ​បន្ទាប់ពី​ធ្វើ​សំណង់​ហត់នឿយ​បាន​បបួលគ្នា ទិញ​ស្រា​បៀរ​ចំនួន​១​កេស​ផឹកស៊ី​។  ខណៈ​កំពុង​ផឹក​នោះ ស្រាប់តែ​មានទំនាស់​ពាក្យសម្តី​នឹង​គ្នា ដោយ​ជជែក​គ្នា​តឹងសរសៃករ​រៀងៗ​ខ្លួន ទើប​បណ្តាល​ឲ្យ​ឈ្មោះ  ង្វៀង យុំ​ា​ង​ផាប  ខឹងច្រឡោត​ស្ទុះ​ទៅ​វាយ​ឈ្មោះ វ៉ាង សុក ។  ដោយសារ​ឈ្មោះ វ៉ាង សុក មាន​មាឌតូច​ជាង ក៏​រត់ចេញ​ទៅផ្ទះ ហើយ​ឈ្មោះ​ង្វៀង យុំ​ា​ង​ផាប  នៅតែ​បន្ត​ដេញតាម​វាយ ទើប​ធ្វើ​ឲ្យ​ឈ្មោះ វ៉ាង សុក ទ្រាំ​មិនបាន​ក៏​ចូល​ទៅយក​កូនកាំបិត​ចាក់ទៅលើ​ឈ្មោះ  ង្វៀង យុំ​ា​ង​ផាប  ត្រូវ​ចំពោះ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន តែម្ដង ៕

ចំនួនអ្នកទស្សនា

    20566647

  • ថ្ងៃនេះ9041
  • ម្សិលមិញ14181
  • សប្តាហ៍នេះ9041
  • ខែនេះ124191
  • ឆ្នាំនេះ124191
  • សរុប20566647