ភ្នំពេញ ៖ មានករណីក្លែងត្រា និងក្លែងលិខិតបញ្ជាក់ ហើយត្រូវបានប៉ូលិសឃាត់ខ្លួននៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៦ ម៉ោង២ និង៣០នាទីរសៀលនៅចំណុចភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប៉ូលិសនិយាយថា ជនល្មើសឈ្មោះ ឡុង វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ សណ្ឋាគារ Flamingo សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រុកកំណើតភូមិ-ឃុំ-ស្រុកសំឡូត ខេត្តបាត់ដំបង មុខរបរបុគ្គលិកផ្នែកជាងភ្លើងសណ្ឋាគារ Flamingo (ឃាត់ខ្លួន)។
ប៉ូលិសនគរបាលប៉ុស្តិ៍បានបន្តថា វត្ថុតាងចាប់យក៖ លិខិតបញ្ជាក់(ក្លែង) ០១ច្បាប់, ត្រាឈ្មោះ(ក្លែង) ០១, ត្រាមូល សង្កាត់ព្រែកឬស្សី(ក្លែង) ០១, ត្រា(សង្កាត់), ម៉ូតូ០១គ្រឿងម៉ាក Today ពណ៌ឈាមជ្រូក បិទស្កុតពណ៌ស្វាយគ្មានផ្លាកលេខ។
ប៉ូលិសបន្តថា កាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៦ មាននារីម្នាក់អាយុ២៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្រុកកំណើតភូមិអូម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានកាន់លិខិត
បញ្ជាក់ដូចខាងលើ មកប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី ដើម្បីសួរចង់ដឹងថាលិខិតបញ្ជាក់នេះ"ត្រឹមត្រូវឬអត់"។ ព្រោះជនសង្ស័យដែលស្រឡាញ់គាត់បានប្រគល់លិខិតនេះមកឱ្យគាត់ ដោយបញ្ជាក់ថា"ខ្លួននៅលីវ "។ នៅពេលប៉ូលិសប៉ុស្តិ៍ពិនិត្យមើលឃើញថាលិខិតនេះមិនប្រក្រតីទើបដកហូត ទុកសិនដើម្បីស្រាវជ្រាវ លទ្ធផល ដឹងច្បាស់ថាជា "លិខិតក្លែងក្លាយ" ទើបនៅថ្ងៃកើតហេតុខាងលើប៉ូលិសប៉ុស្តិ៍ព្រែកឬស្សី បានទាក់ទងតាមរយៈទូរស័ព្ទទៅនារីដែលត្រូវជាសង្សាររបស់ជនល្មើស ឱ្យនាំជនសង្ស័យមកប៉ុស្តិ៍ព្រែកឬស្សីដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា៖ ខ្លួនពិតជាបានធ្វើលិខិតបញ្ជាក់ក្លែងក្លាយដោយខ្លួនឯងពិតប្រាកដមែន ព្រោះតែចង់រៀបការជាមួយនារី ដែលខ្លួនស្រឡាញ់ ដោយខ្លួនមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រេចនៅឡើយ។ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាង សំណុំរឿងបន្តចាត់ការតាមនីតិវិធី៕