ស្ទឹងត្រែង៖សត្វព្រៃជាច្រើនប្រភេទ ត្រូវបានគេដាក់តាំងលក់ដោយសេរីនៅលើទីផ្សារក្នុងខេត្តស្ទឹងត្រែងដូច ដាក់លក់មុខទំនិញផ្សេងៗទៀតដែរ។សាច់សត្វព្រៃដែលគេដាក់លក់នោះ មានដូចជាសាច់ជ្រូកព្រៃសាច់ឈ្លូសនិងសត្វត្រកួតជាដើម។
សាច់សត្វ ទាំងនោះគេតែងប្រទះឃើញអ្នកលក់ដូរដាក់លក់នៅផ្សារស្ទឹងត្រែងមានជា រៀងរាល់ថ្ងៃហាក់បីដូចជាមិនខ្លាចរអែងសមត្ថកិច្ចបន្តិចណាឡើយសូម្បីតែ មន្ត្រីជំនាញមេព្រៃ។
ការដាក់លក់បែបនេះមានមតិរិះគន់ថា កន្លងមកគេតែងឃើញមានក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃចុះបង្ក្រាប ញឹកញាប់ណាស់។ប៉ុន្តែសមត្ថកិច្ចមួយចំនួននៅខេត្តស្ទឹងត្រែងដូចជា នគរបាល,កងរាជអាវុធហត្ថពិសេសនោះគឺជំនាញមេព្រៃតែម្តងមិនដែលឃើញ មានការចុះបង្ក្រាបម្តងណាទេ។ពេលក្រុមអភិរក្សសត្វព្រៃចុះបង្ក្រាប ទើបឃើញចូលរួមសហការ។
ចំពោះសមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែង មិនដែលឃើញចុះបង្ក្រាបបទល្មើសជួញដូរសត្វព្រៃដោយខុសច្បាប់នោះ ធ្វើឱ្យមានការសង្ស័យថាសមត្ថកិច្ចក្នុងខេត្តនេះអាចនឹងទទួល ផលប្រយោជន៍ណាមួយពីអ្នកលក់សត្វព្រៃជាមិនខាន។ពិសេសគឺលោកឈាងតុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងនោះតែម្តង។
ទាក់ទិន ការដាក់លក់សាច់សត្វព្រៃនៅផ្សារស្ទឹងត្រែងនោះគេហទំព័ររស្មីកម្ពុជា មិនទាន់មានការបំភ្លឺពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ៕