ភ្នំពេញ៖កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលឫស្សីកែវឃាត់ខ្លួនយុវជនម្នាក់ដែលបានធ្វើសកម្មភាពលួច យកម៉ូតូមួយគ្រឿងដែលកំពុងចតចោលនៅមុខផ្ទះ។ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅចំណុចមុខផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវកាលពីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ញ៉ែម សុខា ហៅ យ៉េរ ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ថុន ភា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បុគ្គលិកលក់នុំហ្កូលហៀល ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដាក់ម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥សេរី២០០៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1S9882នៅមុខផ្ទះហើយថែមទាំងមានកូនសោរនៅជាប់លើម៉ូតូផង ។ក្រោយមករូបគាត់បានចូលទៅក្នុងផ្ទះ ដើម្បីពាក់អាវ ពេលនោះ ស្រាប់តែមានជនសង្ស័យម្នាក់បានដើរកាត់នោះ ហើយឃើញមានកូនសោរម៉ូតូស្រាប់បានឡើងជិះកម៉ូតូទៅបាត់។
ភ្លាមៗ នោះជនរងគ្រោះបានតេទូរស័ព្ទទៅប្រាប់លោកមេប៉ុស្តិ៍ថាមានករណី ចោរលួចម៉ូតូរបស់ខ្ញុំហើយក្រោយមកលោកមេប៉ុស្តិ៍បានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចរបស់លោកធ្វើការត្រួតពិនិត្យនិងតាមស្រាវជ្រាវរកម៉ូតូ ជនរងគ្រោះដែលមានស្លាកលេខដូចខាងលើ ។
ក្រោយមកកម្លាំងសម្ថ កិច្ចយើងបានប្រទះឃើញជនរងគ្រោះខាងលើ ដែលកំពុងជិះម៉ូតូតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិទួលសង្កែ ទល់មុខកន្លែងលេងបាល់ ពេលនោះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ហើយបាននាំយកមកប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕