ភ្នំពេញ៖ក្រុមចោរមួយក្រុមបាន ពួនស្ទាក់យុវជន២នាក់ទើបនឹងចេញពីលេងផ្ទះបងប្អូននៅម្តុំទួលគោកហើយ បានជិះម៉ូតូកាត់ផ្លូវស្ថានីយរថភ្លើងត្រូវក្រុមចោរមួយក្រុមនោះ ព្រួតវាយប្លន់យកម៉ូតូបានសម្រេចហើយជិះរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវR6 នៅចំណុចស្ថានីយរថភ្លើង ជិតក្តាន់ពីរ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីវេលារំលងអធ្រាត្រយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឈន សាមឌី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាអ្នកដេរពូក និងសាឡុង ស្នាក់នៅម្តុំផ្សារអូរឫស្សី ស្ថិតក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។ ឯមិត្តភក្តិដែលរួមដំណើរជាមួយមានឈ្មោះ ពោង ជាតិ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុខ្លួននិងមិត្តភក្តិបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-7596 ទើបចេញមកពីលេងផ្ទះបងប្អូននៅម្តុំអង់តែនទួលគោក។ គោលបំណងត្រឡប់ទៅផ្ទះវិញនៅម្តុំផ្សារអូរឫស្សី សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា ដោយធ្វើដំណើរតាមបណ្តោយផ្លូវR6។ ខណៈពេលមកដល់ចំណុចកើតហេតុជាកន្លែងស្ងាត់ហើយបានបន្ថយល្បឿនដើម្បីគេច ជង្ហុក ក៏ស្រាប់តែលេចមុខក្រុមចោរមួយក្រុមមានគ្នាច្រើននាក់បានចេញមក កាក់ម៉ូតូឲ្យឈប់រួចហើយធ្វើសកម្មភាពវាយទៅលើអ្នកបើកម៉ូតូរងរបួស បែកក្បាលពីក្រោយហើយក្រុមចោរបានដណ្តើមយកម៉ូតូជិះចេញទៅបានដោយ សុវត្ថិភាព៕