ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណីហិង្សាដោយចេតនាមួយកើតឡើង កាលពីវេលាម៉ោង០៩ និង២៥នាទីព្រឹកថ្ងៃទី៣០ មិថុនា ២០១៦ ស្ថិតនៅក្រោមផ្ទះជនរងគ្រោះក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដោយត្រូវជនដៃដល់ យកកាំបិតមកកាប់ជនរងគ្រោះដល់ក្នុងផ្ទះ ហើយរងរបួសធ្ងន់រហូតស្លាប់ ដោយទំនាស់ពាក្យសម្តីគ្នា ។
ប្រភព ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះសួស កែវ ភេទប្រុស អាយុ៣១ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកជនដៃដល់ឈ្មោះរ៉ុង រឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នករត់ម៉ូតូ ឌុបមានទីលំនៅក្នុងភូមិជាមួយគ្នា បានគេចខ្លួនបាត់ ។
ប្រភពបន្តថា ជនរងគ្រោះនិងដៃដល់ គឺមានផ្ទះជាប់របងគ្នា ហើយតែងតែទំនាស់ពាក្យសម្តីគ្នាជាប្រចាំ ។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយស្រែកជេរជនរងគ្រោះ ទើបកើតទៅជារឿងជេរប្រមាថគ្នាទៅវិញទៅមក ។ ពេលនោះជនសង្ស័យ បានទៅយកកាំបិតផ្គាក់ចូលមកកាប់ជនរងគ្រោះដល់ក្រោមផ្ទះ២កាំបិត, ចំលើជង្គង់ខាងឆ្វេង១កាំបិត និងត្រូវចំកំភួនជើងខាងស្តាំ១កាំបិតទៀត បណ្តាលឱ្យរបួសសន្លប់ក្នុងថ្លុកឈាម ហើយជនសង្ស័យរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានី ភ្នំពេញ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏ស្លាប់តែម្តង ។ បច្ចុប្បន្ន សង្ស័យត្រូវសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ។