ក្មេងប្រុស​អាយុ​ទើបតែ ៣​ខួប លង់ទឹក​ប្រឡាយ​ស្លាប់ ពេល​ម្តាយ​កំពុង​ជជែក​គ្នា​លេង​

01-July-2016 | ដោយ មែន កំសត់



​ពោធិ៍សាត់ ៖ ក្មេង​ម្នាក់​លង់ទឹក​ប្រឡាយ​ស្លាប់ ខណៈ​ម្តាយ​កំពុង​ជជែក​គ្នា​លេង​ក្រោមផ្ទះ ភ្លេច​គិត​កូន បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​២៖៣០​នាទី​ល្ងាច ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦ នៅ​ចំណុច​ប្រឡាយ ស្ថិតក្នុង​ភូមិ​ម៉ាន់​ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​

​លោក ឈន រិ​ទ្ធិ អធិការនគរបាល​ក្រុង​ពោធិ៍សាត់ បាន​ប្រាប់ ឱ្យដឹង​ព្រឹក​នេះ​ថា ក្មេងរងគ្រោះ​ដែល​លង់ទឹក​ស្លាប់ មានឈ្មោះ ឡេង សៀវ ភេទ​ប្រុស អាយុ ០៣​ខួប មាន​ឱ​ពុក​ឈ្មោះ ឡាញ់ ចាន់​ឡា អាយុ ៣២​ឆ្នាំ និង ម្តាយ​ឈ្មោះ ឈន ប្រឹម អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។​

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ម្តាយ​ក្មេងរងគ្រោះ បាន​នាំ​កូន​ទៅលេង​ផ្ទះ​របស់​ឈ្មោះ ពុទ្ធ សុគន្ធា​រិ​ទ្ធ នៅ​ភូមិ​ជាមួយគ្នា លុះ​ទៅដល់​ក៏បាន​អង្គុយ​ជជែក​គ្នា​លេង​នៅក្រោម​ផ្ទះ ហើយ​ក្មេងរងគ្រោះ​ក៏បាន​រត់​លេង​នៅក្បែរ​នោះដែរ ។ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​រកមើល​កូន​មិនឃើញ ក៏​ដើររក​កូន​ស្រាប់តែ​ប្រទះឃើញ​អណ្តែត​នៅក្នុង​ប្រឡាយទឹក នាំគ្នា​ផ្អើ​ត​ឆោឡោ​ចុះ​ស្រង់​ជួយសង្គ្រោះ ។ លោក​អធិការ​បាន​បន្តថា ដោយ​ម្តាយ​ក្មេងរងគ្រោះ​មិន​អស់ចិត្ត ក៏​បញ្ជូន​កូន​របស់ខ្លួន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ តែ​ជា​អកុសល​ពេទ្យ​បាន​បញ្ជាក់ថា ក្មេង​នោះបាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។​

​ក្រោយពេល​កើតហេតុ​សព​ក្មេងរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន ។​ដំណឹង​នេះ​បាន​ទៅដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បាន​ចាត់​ឲ្យ​លោក ចាប នាង អភិបាលក្រុង​ពោធិ៍សាត់ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព និង បានផ្តល់​នូវ​អង្ករ ៤០​គីឡូក្រាម មី ២​កេស ទឹកស៊ីអ៊ីវ ២​យួរ និង ថវិកា ១០​ម៉ឺន​រៀល សម្រាប់​ចាត់ចែង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ។

ចំនួនអ្នកទស្សនា

    20567677

  • ថ្ងៃនេះ10071
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10071
  • ខែនេះ125221
  • ឆ្នាំនេះ125221
  • សរុប20567677