ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានជនមិនស្គាល់មុខ កាប់ស្លាប់នៅវេលាម៉ោង០៦ និង៣០នាទី ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅជាប់ក្រោយរបងរោងចក្រ MV ស្ថិតក្នុង ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលជនរងគ្រោះ ជិះកង់ត្រឡប់ទៅផ្ទះ ។ លោក ឆាយ ខែមរ័ត្ន អធិការ នគរបាលក្រុងកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ឹម សៅសុធារ៉ា អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ ឆ្នាំង។
លោកបានស្រង់សម្ដី ម្តាយជនរងគ្រោះបាននិយាយថា កូនប្រុសគាត់មានមុខរបរ ជួសជុល និងប៉ះកង់មុខ រោងចក្រ MV ។ នៅមុនពេលកើតហេតុ កូនប្រុសគាត់បានរៀបចំទុកដាក់សម្ភារប៉ះកង់ ជិតរួចរាល់ហើយ ដើម្បីត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានទូរសព្ទ័ ចូលមកទូរសព្ទ័ដៃ កូនប្រុសគាត់ បន្ទាប់មកកូនប្រុសគាត់ប្រាប់គាត់ថា ខ្ញុំទៅណោះ មួយភ្លែត ហើយកូនប្រុសគាត់ក៏ជិះកង់ចេញពីកន្លែងប៉ះកង់ ពីមុខរោងចក្រទៅខាងក្រោយរោងចក្រ បាន មួយសន្ទុះ ក៏ស្រាប់តែគាត់ទទួលដំណឹងថា កូនប្រុសគាត់ត្រូវគេកាប់ស្លាប់ នៅក្រោយរោងចក្របាត់ទៅហើយ ។
ប្រភពដដែលបានដកស្រង់សម្ដីម្តាយជនរងគ្រោះបន្តថា កាលពីប៉ុន្មានថ្ងៃមុន កូនប្រុសគាត់ ត្រូវបានជនមិនស្គាល់មុខ មានគ្នា២នាក់បានមកគម្រាមថា ឯងប្រយ័ត្នងាប់ ។ ក្រោយមកបានប៉ុន្មានថ្ងៃ កូនប្រុសគាត់ ត្រូវគេកាប់ស្លាប់ពិតមែន ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ថា ឃាតកម្មខាងលើនេះអាចថា ជារឿងគំនុំក្នុងផ្លូវរកស៊ីមិនស្របច្បាប់ ហើយក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យ សមត្ថកិច្ច បានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕