ភ្នំពេញ៖ហួសចិត្តខ្លួនខុសហើយមិនដឹង កំហុស!យោធាស័ក្ត៣កងពលតូចលេខ៧០ដែលទំនងជាស្រវឹងស្រាជោគជាំបើក រថយន្តលឿនហើយបុករថយន្តឈប់ចតលើចិញ្ចើមផ្លូវរងការខូចខាត ថែមទាំងជេរប្រមាថមកលើអ្នកសារព័ត៌មាននិងស្ទុះមករកវាយទៀតផង។
បុរសម្នាក់ដែលជាមន្ត្រីយោធាស័ក្ត៣ខាងលើបានបើករថយន្តកាមេរី ឆ្លាមក្នុងល្បឿនលឿនដូចហោះនិងបានទៅបុករថយន្តឡិចស៊ីស៤៧០ឈប់ចត លើចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្តាលអោយរងការខូចខាត មិនតែប៉ុណ្ណោះបុរសរូបនោះបានស្រែកជេរប្រមាថមកលើអ្នកសារព័ត៌មាននិង ស្ទុះមករករឿងវាយថែមទៀតផង។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ក្បែរសណ្ឋាគារសុខា មុខភោជនីយដ្ឋានចំប៉ីស តាមបណ្តោយផ្លូវមាត់ទន្លេ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បុរស អ្នកបើករថយន្តបង្កមានឈ្មោះ ឈាង ផេងអឿន ជាមន្ត្រីយោធានៅកងពលតូចលេខ៧០ នៃវរៈសេនាតូចលេខ២ឋានន្តរសក្តិអនុសេនីយ៍ឯក អត្តលេខ ០៣១៣៤២ ។
នៅមុនពេកើតហេតុគេបានឃើញរថយន្តកាមេរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G- 4728បើកបរក្នងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង ដោយទំនងជាស្រវឹងស្រាហើយបើករេពេញផ្លូវពេលមកដល់ចំណុចកើតហេតុបាន បុករថយន្តឡិចស៊ីស៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2G-6992 ដែលម្ចាស់ចតឈប់លើចិញ្ចើមផ្លូវចូលហូបចុកក្នុងភោជនីយដ្ឋានខាងលើ ពីក្រោយពេញទំហឹងបណ្តាលអោយរងការខូចខាត។
បន្ទាប់ពីបង្កហេតុ គឺគេឃើញអ្នកនៅក្នុងរថយន្តចេញមកមានគ្នាច្រើន និងសុទ្ធតែមានស្ថានភាពស្រវឹងស្រាជោគជាំមិនតែប៉ុណ្ណោះនៅពេល អ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាពរថយន្ត ស្រាប់តែបុរសម្នាក់បានស្រែកក្តែងៗថាខ្លួនជាមន្ត្រីយោធា ជេរប្រមាថខ្លាំងមកលើអ្នកសារព័ត៌មាន និងស្ទុះមករករឿងវាយថែមទៀតផង ។
យោធារូបនោះបានតាមរករឿងជេរប្រមាថ តែក្រុមអ្នកសារព័ត៌មានមិនចង់មានរឿងវែងឆ្ងាយបាននាំគ្នាដើរចេញ ។
ក្រោយមកសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញបានមកដល់កន្លែងកើតហេតុ តែមិនបាននាំខ្លួនអ្នកបើករថយន្តបង្កដែលស្រវឹងស្រាជោគជាំនោះទេ ដោយសារតែភាគីទាំង២បានចចាត្រូវរ៉ូវគ្នា៕