រាជធានីភ្នំពេញ ៖ បុរស២នាក់ជាបងប្អូនជីដូនមួយនឹងគ្នាត្រូវជនដៃដល់៤នាក់ព្រួត គ្នាដាក់យ៉ាងឃោរឃៅបណ្ដាលឲ្យប្អូនរងរបួសធ្ងន់ ចំណែកបងស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ B4 ក្នុងបុរីសន្តិភាព១ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សពជនរងគ្រោះមានឈ្មោះ ជា សុភាព អាយុ២៨ឆ្នាំ ទើបមកភ្នំពេញដើម្បីរកការងារធ្វើបានកន្លះថ្ងៃមកស្នាក់នៅបន្ទប់ ជាមួយប្រពន្ធនៅកាណាស៊ីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងកណ្តោរ ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដោយឡែកបុរសរងរបួសធ្ងន់មានឈ្មោះ សោម វិសាល អាយុ២៦ឆ្នាំ មុខរបរអតីតអ្នកប៉ះកង់ម៉ូតូពេលយប់ ដោយមិនកាក់កប ឈប់សំរាកនៅផ្ទះមួយរយៈ ស្នាក់នៅម្តុំកន្លែងកើតហេតុ អ្នកទាំង២នាក់ជាបងប្អូនជីដូនមួយនឹងគ្នា និងមានស្រុកកំណើតជាមួយគ្នា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះ សោម វិសាល ដើរតាមផ្លូវក្នុងបុរីសន្តិភាព១ បំណងទៅផ្សារកាណាស៊ីធី លុះមកដល់ចំណុចកើតហេតុ មុខផ្ទះលេខ B4 ជនដៃដល់មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម មកឈប់និយាយជាមួយជនរងគ្រោះ មួយសន្ទុះក្រោយមកក៏ឈ្លោះប្រកែកគ្នាក្លាយទៅជាហិង្សា ត្រូវជនដៃដល់ដេញវាយ ធ្វើឲ្យជនរងគ្រោះរត់គេចខ្លួន ចៃដន្យបងជីដូនមួយឈ្មោះ ជា សុភាព ឃើញជនដៃដល់ដេញចាក់ប្អូនក៏រត់ទៅជួយ ក៏ត្រូវជនល្មើសទាញកាំបិតចាក់ជនរងគ្រោះទាំង២នាក់ ដោយឈ្មោះ សោម វិសាល ចាក់១កាំបិតចំខ្នង រងរបួសធ្ងន់ និងចាក់ជាច្រើនកាំបិតលើជនរងគ្រោះឈ្មោះ ជា សុភាព ព្យាយាមរត់ទៅឲ្យគេជួយ ក៏បានដួលស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអាធ័ម ។ ភ្លាមៗនោះប្រជាពលរដ្ឋស្មានតែនៅមានជីវិត បានហៅរថយន្តសង្គ្រោះ គ្លីនិក អង្គរ មកដឹកជនរងគ្រោះទាំង២នាក់ទៅព្យាបាល ពេលទៅដល់គ្លីនិកគ្រូពេទ្យប្រាប់ថា ឈ្មោះ សុភាព បានស្លាប់ទៅហើយ នៅសល់តែឈ្មោះ សោម វិសាល កំពុងសំរាកព្យាបាលនៅ គ្លីនិក អង្គរ ។
តាមការបង្ហើបពីជនរងគ្រោះដែលរងរបួសធ្ងន់ បានឲ្យសមត្ថកិច្ចដឹងទាំងលាក់លៀមថា មុនពេលកើតហេតុរូបគេដើរពីបន្ទប់ជួលគោលបំណងទៅម្តុំផ្សាកាណាស៊ី ធី មកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនដៃដល់៤នាក់ជិះម៉ូតូ២គ្រឿងមក ដល់បាននិយាយថា រូបគេសម្លឹងមុខអីក្នុងន័យឌឺដង រួចហើយក៏បានចុះមកវាយរូបគេ ស្របពេលនោះបងប្រុសជីដូនមួយដែលទើបនឹងមកពីស្រុកកំណើត ដើម្បីមករកការងារធ្វើមិនទាន់បានផង ឃើញក៏រត់មកជួយ ត្រូវជនដៃដល់ដេញចាត់ពួកគេទាំង២នាក់រហូតស្លាប់បងជីដូនមួយនៅ កន្លែងកើតហេតុ ។
ទាក់ទិននឹងករណីខាងលើនេះ ជនរងគ្រោះបានអះអាងថា ជនដៃដល់សម្លឹងមុខរូបគេហើយ ចុះដេញចាក់រូបគេតែម្តង ។ ចំណែកប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអះអាងថា មុនដំបូងឈ្លោះប្រកែកគ្នា រួចទើបដេញចាក់គ្នា សង្ស័យជារឿងគំនុំ ។ ដោយឡែកសមត្ថកិច្ច មិនទាន់អះអាងថាជាករណីអ្វីពិតប្រាកដនៅឡើយទេ កំពុងតែសាកសួរ និង ស្រាវជ្រាវបន្ថែមទៀត ។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យ និង ធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុក កំណើត ៕