ខេត្តកណ្ដាល ៖ នគរបាលស្រុកកោះធំបានឃាត់ខ្លូនអ្នកកត់ឆ្នោតបីនាក់ កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី២ ខែកក្កដា ក្នុងភូមិសាស្ត្រ ស្រុកកោះធំ ខេត្តកណ្តាល និងចាប់យកវត្ថុតាងបានមួយចំនួន។ លោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនទី១-ឈ្មោះ ម៉ឺន វិន័យ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ។ ទី២-ឈ្មោះ សិន ទី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ។ ទី៣-ឈ្មោះ ទ្រី សុង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងព្រែក ឃុំព្រែកស្តី ស្រុក កោះធំ ខេត្កកណ្ដាល។
លោកអធិការបានឱ្យដឹងបន្ថែមថា នៅវេលាកើតហេតុខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ ចេញល្បាតតាមដងផ្លូវជាតិលេខ២១ ពេលទៅដល់ចំណុច ភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះ ធំ បានឃើញជនសង្ស័យម្នាក់ ឈ្មោះ ម៉ឺន វិន័យ ភេទស្រី កំពុងកត់កន្ទុយលេខនៅក្បែរចិញ្ចើមផ្លូវ ក៏ធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាងរួមមានសៀវភៅកត់កន្ទុយលេខ ចំនួន១ក្បាល ក្រដាសកត់កន្ទុយលេខចំនួន ២សន្លឹក ប៊ិចចំនួន១២ដើមប្រាក់រៀលចំនួន ៣៥០០០រៀល និងកាបូបដៃចំនួន១ ។ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ បន្តចេញល្បាត រហូតដល់ចំណុចភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ក៏បានឃើញជនសង្ស័យ ម្នាក់ទៀតឈ្មោះ សិន ទី ភេទស្រី កំពុងកត់កន្ទុយលេខ នៅក្បែរចិញ្ចើមផ្លូវ ក៏ធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាងមានក្រដាសកត់កន្ទុយលេខចំនួន ២សន្លឹក ប៊ិចចំនួន ២ដើម ប្រាក់រៀលចំនួន ៧១.៩០០រៀល ទូរស័ព្ទដៃ ចំនួន ១ គ្រឿង។
ក្រោយមកទៀត កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ បានបន្តល្បាតទៀត រហូតដល់ចំណុចភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ថ្ងៃខែឆ្នាំដដែល បានឃើញជនសង្ស័យម្នាក់ទៀត ឈ្មោះ ទ្រី សុង ភេទស្រី កំពុងដើរប្រមូលក្រដាសកន្ទុយលេខ ពីកូនស៊ីវ ក៏ធ្វើការនាំខ្លួនរួមទាំងវត្ថុតាងមាន ក្រដាសកត់កន្ទុយលេខចំនួន ១៤សន្លឹក ទូរស័ព្ទដៃចំនួន ១គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកហុងដាគុបមូល។
យោងតាមការសាកសួរទៅលើឈ្មោះ ម៉ឺន វិន័យ និងឈ្មោះ ទ្រី សុង គឺបានសារភាពថាខ្លួនបានកត់កន្ទុយលេខពិតប្រាកដមែន ហើយខ្លួនបានកត់យកទៅអោយឈ្មោះ គត ហ៊ត ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្ត កណ្តាល។ ចំណែកឈ្មោះ សិន ទី សារភាពថាខ្លួនពិតជាបានកត់កន្ទុយលេខពិតប្រាកដមែន ហើយខ្លួនកត់ស៊ីសងខ្លួនឯង ពុំបានកត់ឲ្យអ្នកណាឡើយ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ បញ្ជូនខ្លួនរួមទាំងវត្ថុតាង មកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី ៕