ខេត្តបាត់ដំបង ៖ មន្ត្រីកងរាជអាវុធហត្ថបានរាយការណ៍ថា យុវជនម្នាក់ត្រូវឃាត់ខ្លួន កាលពីម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី០៣កក្កដា ២០១៦ ស្ថិតនៅភូមិពោធិ៍១ ឃុំគា ស្រុកមោងប្ញស្សី ក្រោយពីមានបណ្ដឹងចោទថា បានល្បូងនាងក្រមុំម្នាក់ទៅចាប់បង្ខំរំលោភសេពសន្ថវៈក្នុង បន្ទប់សណ្ឋាគារមួយ នៅក្នុងក្រុងបាត់ដំបង ។
មន្ត្រីបានប្រាប់ថា ជនសង្ស័យឈ្មោះជុំ ប៉ាវ អាយុ២១ឆ្នាំ ជាអ្នកកាប់ជ្រូក មានទីលំនៅភូមិ-ឃុំខាងលើ ។ ជននេះ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកមោងប្ញស្សីឃាត់ខ្លួន ក្នុងករណីសង្ស័យថា បានល្បូងនាងក្រមុំម្នាក់អាយុ១៧ឆ្នាំ យកទៅរំលោភសេពសន្ថវៈនៅក្នុងបន្ទប់សណ្ឋាគារ «វិចតូរីយ៉ា» ស្ថិតក្នុងក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី២ កក្កដា ។
មន្ត្រីដដែលបញ្ជាក់ថា សកម្មភាពនោះ ជនសង្ស័យបានចាប់ចងដៃនាង រួចវាយធ្វើទារុណកម្មផង មុនពេលចាប់នាងរំលោភ។ នេះបើយោងលើចម្លើយនារីរងគ្រោះ ។ នារីរងគ្រោះឱ្យដឹងថា នាងបានស្គាល់ និងមានទំនាក់ទំនងស្នេហាជាមួយឈ្មោះជុំ ប៉ាវ មិនសូវស្និទ្ធស្នាលទេ ។ តែនាងបានស្គាល់ស្និទ្ធជាមួយម្ដាយរបស់ជននេះ ។
សមត្ថកិច្ចបានស្រង់សម្តីនាងថា ឈ្មោះប៉ាវ បានបបូលនាងទៅដើរលេងនៅក្រុងបាត់ដំបង ដោយសន្យាវិលទៅផ្ទះវិញពេលល្ងាច តែគេមិនបានគោរពពាក្យសន្យាទេ ។ លុះយប់ជ្រៅ ក៏បបូលនាងចូលស្នាក់ក្នុងបន្ទប់សណ្ឋារគារខាងលើ ។ ឈ្មោះប៉ាវ បានព្យាយាមលួងលោមសុំរួមមេត្រីជាមួយនាង តែនាងមិនព្រម ស្រាប់តែឈ្មោះប៉ាវ ប្រើហិង្សាយកអាវចងដៃនាងជាប់ វាយដើមទ្រូងនាង រួចចាប់បង្ខំរំលោភនាងរហូតបានសម្រេច ។ លុះព្រឹកឡើង ពេលត្រឡប់ដល់ផ្ទះវិញ នាងក៏ទៅប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនបុរសជាសង្សាររូបនេះតែ ម្ដង ។
មិនទាន់មានចម្លើយបែបណាពីជនសង្ស័យឈ្មោះជុំ ប៉ាវ ទេ ជុំវិញការចោទប្រកាន់នេះ ។ ប៉ុន្តែបើតាមមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ថា ជនសង្ស័យបានសារភាពទទូលស្គាល់កំហុសហើយ តែជននេះហាក់បានបដិសេធអំពីការប្រើអំពើហិង្សា ។ ទោះជាយ៉ាងណា មន្ត្រីដដែលបញ្ជាក់ថា មន្ត្រីជំនាញបានសួរនាំ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការហើយ ។