ព្រៃវែង៖ សេចក្ដីរាយការណ៏ពីស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានលួចខ្សឹបឲ្យដឹងថា ឧកញ៉ា ជឹម សុខ ដែលល្បីល្បាញខាងរកស៊ីនាំសត្វគោរស់យកទៅលក់នៅប្រទេសវៀតណាម តាមរយៈបានសិទ្ធិផ្ដាច់មុខនៅក្នុងខេត្តព្រៃវែងនោះ បច្ចុប្បន្នក៏រកស៊ីនាំជ្រូករស់ពីប្រទេសវៀតណាម យកមកចែកចាយនៅក្នុងខេត្ត និងតាមបណ្ដាខេត្តក្បែរៗផងដែរ។
សមត្ថកិច្ចតូចតាចដែលឈរជើងនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងខេត្តព្រៃវែងបានលួចបង្ហើបឲ្យដឹងថា បច្ចុប្បន្នគេឃើញ ឧកញ៉ា ជឹម សុខ រកស៊ីនាំសត្វជ្រូករស់ចូលពីប្រទេសវៀតណាម តាមច្រករបៀងស្ទឹងស្លូត ឆ្ពោះមកកាន់ទីប្រជុំជនកំពង់សឹង្ហ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែងជារៀងរាល់ថ្ងៃដោយមួយថ្ងៃៗ ដឹកពីររថយន្តប្រភេទយីឌុប ភ្លៅ៥ស្មើរជិត៣០០ក្បាលឯណោះ។ ក្នុងនោះ ជ្រូកដែលឧកញ៉ា ជឹម សុខ នាំចូលក្រៅពីយកមកផ្គត់ផ្គង់ឲ្យទីសត្វឃាតនៅតំបន់កំពង់សឹង្ហ កាប់លក់នៅតំបន់ជុំវិញនោះ ជ្រូកដែលនៅសល់ក៏បានធ្វើការបែងចែកទៅកាន់តំបន់ ផ្សេងៗទៀតនៅក្នុងខេត្ត និងបណ្ដាលខេត្តជាប់គ្នាផងដែរ។
សេចក្ដីរាយការណ៏បានអះអាងថា ជ្រូកដែលឧកញ៉ា ជឹម សុខ នាំចូលភាគច្រើនមិនបានបង់ពន្ធនោះទេ តែបានបង់លុយទៅឲ្យមេៗសមត្ថកិច្ចដែលឈរ ជើងនៅលើកំណាត់ផ្លូវជាតិលេខ១ និងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចក្នុងខេត្តគ្មានឲ្យចន្លោះមួយឡើយ។ មិនតែប៉ុណ្ណោះនៅក្នុងខេត្តព្រៃវែង ឧកញ៉ា ជឹម សុខ ក៏ជាមនុស្សមានឥទ្ធិពលម្នាក់ ដែលតាមរយៈការចាយលុយជួយនេះ ជួយនោះ នាពេលកន្លងមក។
អ្នកប្រកបមុខរបរបើកទីសត្វឃាត និងអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុកបានធ្វើការត្អូញត្អែរថា ការអនុញ្ញាតឲ្យមានការរត់ពន្ធជ្រូកចូលពីក្រៅស្រុក ដោយគ្រាន់តែបង់លុយ ឲ្យមន្ត្រីអាជ្ញាធរ សមត្ថកិច្ចនៅតាមដងផ្លូវតិចតួចនេះ វាបានបង្កផលលំបាកយ៉ាងខ្លាំងដល់អ្នករកស៊ីចិញ្ចឹមជ្រូកក្នុងស្រុក ព្រោះតែមិនអាចប្រកួតប្រជែងទីផ្សារ បានដោយសារតែជ្រូកនាំចូលគេចពន្ធមានតំលៃថោកជាង។
ដូចនេះអ្នករកស៊ីចិញ្ចឹមជ្រូកក្នុងស្រុកបានសំណូមពរ សូមឲ្យអាជ្ញាធរ សមត្ថកិច្ច ជាពិសេសអភិបាលខេត្តព្រៃវែង មេត្តាជួយទប់ស្កាត់ និងត្រួតពិនិត្យមើលផងថាតើឧកញ៉ា ជឹម សុខ ពិតជារកស៊ីនាំសត្វជ្រូករស់ពីប្រទេសវៀតណាម អត់បង់ពន្ធនាំចូលតាមច្រករបៀងស្ទឹងស្លូត ដូចការអះអាងពិតមែនឬអត់?