នារី​ម្នាក់​ប្តឹង​ថា អ្នក​ប្រដាល់​ម្នាក់​ចាប់​នាង​រំលោភ​រហូត​បានសម្រេច​

05-July-2016 | ដោយ មែន កំសត់


​ខេត្តកណ្ដាល ៖ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នារី​វ័យក្មេង​ម្នាក់​បានមក​ដាក់ពាក្យ​បណ្ដឹង​ចោទប្រកាន់​អ្នក​ប្រដាល់ ម្នាក់​ថា​បាន​ចាប់​នាង​រំលោភ​រហូត​បានសម្រេច​នៅ​កាលពី​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លី ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្មៅ ស្ថិតក្នុង​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ខណៈពេល​ឌុប​នាង​ត្រឡប់​មកពី​ទិញ​ស្រា​បៀរ ។​

​លោក ដួង តេង អធិការនគរបាល​ស្រុក​ពញាឮ បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ចេង សា​ម៉េ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នក​ប្រដាល់ នៅ​ក្លិប​ខ្លារខិន មាន​ទីលំនៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែក​នារី​រងគ្រោះ អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​បាសិត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​នារី​រងគ្រោះ​បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦ នារី​រងគ្រោះ​និង​ប្តី ព្រមទាំង​ជនសង្ស័យ​និង​សង្សារ​ជនសង្ស័យ បាននាំគ្នា​ទៅ​មើលល្ខោន​បាសាក់​នៅ​វត្ត​សុពណ៍ នៅ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយនៅ​ទីនោះ​ផឹកស្រា​បៀរ​អស់​ចំនួន​៣​កញ្ច្រែង ហើយក៏​នាំគ្នា​ត្រឡប់មក​ផឹក​នៅផ្ទះ​របស់​នារី​រងគ្រោះ​នៅ​ភូមិ​បាសិត ឃុំ​ម្កាក់​បន្តទៀត ។ ពេល​កំពុង​ផឹកស៊ី​នៅផ្ទះ​នោះ ជនសង្ស័យ​បាន​មានទំនាស់​ពាក្យសំដី​ជាមួយ​ឈ្មោះ ភក្តី ភេទ​ប្រុស ជា​សាច់ញាតិ​នារី​រងគ្រោះ ដោយសារ​មានទំនាស់​បែបនេះ​នារី​រងគ្រោះ​និង​ប្តី ក៏​នាំគ្នា​ជូន​ជនសង្ស័យ​ត្រឡប់ទៅផ្ទះ​នៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង​វិញ ។​
​នារី​រងគ្រោះ​បាន​រៀបរាប់​ទៀតថា ពេលមកដល់​ផ្ទះ​ជនសង្ស័យ ជនសង្ស័យ​ក៏​នាំ​ផឹក​បន្តទៀត ដោយ​ជនសង្ស័យ​បាន​ទៅ​ទិញ​ស្រា​បៀរ​កន្លះ​កេស​មក​ផឹក​ទាំងអស់គ្នា ពេល​ផឹក​អស់​ស្រា​បៀរ នារី​រងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ស្រា​បៀរ​ជាមួយ​ឈ្មោះ គឹម លាង ដែលជា​ប្អូនស្រី​របស់​ជនសង្ស័យ ។ ដោយ​ទៅ​បាត់​យូរពេក ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ទៅតាម​នៅផ្ទះ​លក់​ស្រា​បៀរ ពេលទៅដល់​ជនសង្ស័យ​បាន​ស្តីបន្ទោស​ឲ្យ​ប្អូនស្រី​ខ្លួន ធ្វើ​ឲ្យ​ប្អូនស្រី​ខឹង​ក៏បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​មុន ចំណែក​ជនសង្ស័យ​បាន​ឌុប​នារី​រងគ្រោះ​មក​តាម​ក្រោយ លុះដល់​ចំណុចកើតហេតុ​ដែលជា​ក​ន្លែ​ង​ស្ងាត់ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​ហើយ​ធ្វើ​សកម្មភាព​អូស​នារី​រងគ្រោះ​ទៅលើ​វាលស្មៅ រួច​ចាប់រំលោភ​រហូត​បានសម្រេច ទើប​ឌុប​ត្រឡប់មកផ្ទះ​វិញ ។

លុះ​ព្រឹក​ឡើង​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ ទើប​នារី​រងគ្រោះ​មកប្ដឹង​ជនសង្ស័យ ហើយ​ជនសង្ស័យ​ត្រូវ​នគរបាល​ចាប់​ឃាត់​ខ្លូន​នៅ​រសៀល​ថ្ងៃ​ដដែល​មក​សាកសួរ ។​

​លោក ដួង តេង បានឱ្យដឹង​បន្ថែមថា ពេល​នគរបាល​ធ្វើការ​សាកសួរ តាំងពី​រសៀល​ថ្ងៃទី​៣ រហូតដល់​ព្រឹក​ថ្ងៃទី​៤ កក្កដា ជនសង្ស័យ​មិន​ឆ្លើយ​សារភាព​ឡើយ ហើយក៏​មិន​ឆ្លើយ​ដោះសា​រដែរ គឺ​មិន​និយាយ​អ្វី​ទាំងអស់​តែម្ដង ។ លោក​បញ្ជាក់ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​ទៀតផង ។​​បើទោះជា​បែបណា បច្ចុប្បន្ន​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ចាត់ការ​តាម​និតិ​វិធី​បន្ត ៕

ចំនួនអ្នកទស្សនា

    20570967

  • ថ្ងៃនេះ1251
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13361
  • ខែនេះ128511
  • ឆ្នាំនេះ128511
  • សរុប20570967