ខេត្តមណ្ឌលគិរី ៖ ក្មេងស្ទាវពីរនាក់ញៀនថ្នាំ ធ្វើសកម្មភាពលួចម៉ូតូអ្នកភូមិយកទៅបញ្ចាំ ត្រូវម្ចាស់ម៉ូតូដាក់ពាក្យបណ្ដឹងយកបានវិញ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូឈ្មោះ លី វីសិដ្ឋ ឲ្យដឹងថា ក្មេងស្ទាវទាំងពីរនាក់នេះបានធ្វើសកម្មភាពលួចម៉ូតូម៉ាកវ៉េវ គ្មានស្លាកលេខ។ ក្រោយពីបានដាក់ពាក្យបណ្ដឹងទៅអធិការរងស្រុកលោក អន សារ៉ា បានឃាត់ខ្លួនក្មេងស្ទាវទាំងពីរនាក់បញ្ចូនទៅអធិការដ្ឋានស្រុក ធ្វើការសាកសួរ ជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនេះយកទៅបញ្ចាំពិតមែន។
លោកអធិការបានឲ្យដឹងទៀតថា ដោយមានការសង្ស័យក្មេងស្ទាវនេះមានពាក់ព័ន្ធនឹងសារធាតុញៀន លោកក៏បានធ្វើការពិនិត្យទឹកនោម ជាក់ស្ដែងរកឃើញថា ក្មេងស្ទាវទាំងពីរនេះមានផ្ទុកនូវសារធាតុញៀន។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ១.ថៃ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងទី២.ឈ្មោះ លី ស្លោះ ភេទប្រុស អាយុ១៦ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម។ បច្ចុប្បន្ន ម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំនោះ ត្រូវលោកអធិការប្រគល់ឲ្យទៅម្ចាស់វិញ ចំណែកជនសង្ស័យទាំងពីរ កំពុងកសាងសំណុំរឿងបញ្ចូនទៅស្នងការខេត្ត ដើម្បីពិនិត្យបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធី៕