ខេត្តកកោះកុង ៖ រថយន្តដឹកចេកមួយគ្រឿង ដែលត្រូវសមត្ថកិច្ចឃាត់បន្ទាប់ពីសង្ស័យថា មានលួចបង្កប់ឈើប្រណីត តែពេលឆែកមិនមានឃើញអ្វីជាភស្តុតាងនោះ ធ្វើឱ្យមហាជនចាប់អារម្មណ៍ និងហួសចិត្តគ្រប់ៗគ្នា ។ ករណីធ្វើឱ្យគេមានការអាណិតអាសូរដល់ម្ចាស់រថយន្តដឹកចេកនោះជា ខ្លាំង ហើយដើម្បីជាការប៉ះប៉ូវមួយផ្នែកវិញ ក៏មានសប្បុរសជនបានចូលរួមបរិច្ចាគថវិកាជួយដល់ម្ចាស់រថយន្តដឹកចេក ដើម្បីដោះស្រាយបញ្ហាខ្លះៗនៅចំពោះមុខ ។
ជាក់ស្តែង កាលពីថ្ងៃទី០៥ កក្កដា ២០១៦ ក៏មានសប្បុរសជនយកអំណោយ ទៅប្រគល់ជូនដល់ម្ចាស់រថយន្តដឹកចេកឈ្មោះលោកសុខ រតនា ហៅវិត អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះគង់ វ៉ាន់លី អាយុ២១ឆ្នាំ ដល់លំនៅឋានផ្ទាល់ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលថវិកានោះ ជាបច្ច័យរបស់ព្រះអង្គ នី សុវណ្ណមុនីរ៉េត គង់នៅកុដិ២៤ នៃវត្តនាគវ័ន រាជធានីភ្នំពេញ រួមទាំងសប្បុរសជនមួយចំនួនទៀត សរុបចំនួន៨០ម៉ឺនរៀល ។
ជាមួយ គ្នានេះដែរ លោកសុខ រតនា និងប្រពន្ធ ពិតជារំភើប និងថ្លែងអំណរគុណដល់ព្រះអង្គ នី សុវណ្ណមុនីរ៉េត និងសប្បុរសជន ដែលបានជួយសម្រួលការលំបាកខ្លះៗចំពោះមុខ ខណៈដែលក្រុមគ្រួសារលោកកំពុងត្រូវការប្រាក់សងថ្លៃធនាគារ ពិតជាទាន់សភាពការណ៍ ហើយសម្រួលដល់លំបាកបានច្រើន លោកជូនពរឱ្យម្ចាស់អំណោយ សុំឱ្យជួបប្រទះតែសេចក្តីសុខ ចម្រុងចម្រើន និងមានសុខភាពល្អ ។
គួររំលឹកថា ពិតជាអាម៉ាសបំផុត ព្រោះតែធ្លាប់បានផលប្រយោជន៍ពីសកម្មភាពដាក់កុងត្រូលជជុះរបស់ខ្លួន ដើម្បីស្ទាក់ចាប់រថយន្តដឹកទំនិញខុសច្បាប់នៅពេលយប់ជ្រៅ និងទីកន្លែងដែលស្ងាត់ ។
តែម្តងនេះ ពិតជាស៊យធំមែន ដូចពាក្យចាស់ថា ដំរីជើងបួនគង់តែមានភ្លាត់ ព្រោះលោកវរសេនីយ៍ឯក យឹម ផេង ស្នងការរងទទួលផែនសេដ្ឋកិច្ច ដែលល្បីម៉ាខេត្តកោះកុង ខាងដឹកទំនិញគេចពន្ធពីប្រទេសថៃ ចូលមកទីរួមខេត្តកោះកុងតាមទូក និងបន្តទៅរាជធានីភ្នំពេញ តាមរថយន្តទៀតនោះ នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២ កក្កដា ២០១៦ បានដឹកនាំកម្លាំងពិសេសរបស់លោកមួយក្រុមចុះទៅស្ទាក់ចាប់រថយន្ត ដឹកចេកមួយគ្រឿង ដែលតែងតែដឹកចេកជារឿយៗចេញពីស្រុកវាលវែង ឆ្លងកាត់ខេត្តកោះកុង ទៅលក់នៅក្រុងព្រះសីហនុ ។
ហើយការដាក់កុងត្រូលជជុះចាំស្ទាក់ចាប់រថយន្តដឹកចេកនេះ នៅត្រង់ចំណុចលើកំណាត់ផ្លូវលេខ២៩៧ ចន្លោះព្រំប្រទល់នៃខេត្តកោះកុង និងខេត្តពោធិ៍សាត់ ឬចំណុចចំណោទចិន និងបានចោទរថយន្តដឹកចេកខាងលើថា មានបង្កប់ទំនិញខុសច្បាប់ ។