ខេត្តពោធិ៍សាត់៖ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបាញ់ប្រហារទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈពេលកំពុងមើលទូរទស្សន៍ជាមួយប្រពន្ធ។
ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះជាប្តីឈ្មោះ ឈឹម យិន អាយុ៣៤ឆ្នាំ កំពុងតែអង្គុយមើលទូរទស្សន៍ ជាមួយគាត់ នៅក្នុងផ្ទះបាយ ស្រាប់តែមានជនសង្ស័យម្នាក់ បានចូលមកបាញ់ជនរងគ្រោះទាំងកម្រោល បណ្ដោយឱ្យត្រូវរបួសចំភ្លៅខាងស្ដាំមួយគ្រាប់ ក្រោមដោះស្ដាំមួយគ្រាប់ លើដោះស្ដាំមួយគ្រាប់ ស្លាបក្រចៀវឆ្វេងមួយគ្រាប់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ មន្ដ្រីនគរបាលបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់ ៕