ភ្នំពេញ៖កម្លាំងនគរបាលរាជធានី ភ្នំពេញក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការនិងក្រោម ការសម្របសម្រួលពីតំណាងអយ្យការ បានចុះបង្ក្រាបសកម្មភាពជួញដូរមនុស្សទៅប្រទេសចិនដោយឃាត់មេខ្លោង ម្នាក់និងសង្គ្រោះនារីរងគ្រោះ៦នាក់។ប្រតិបត្តិការចុះបង្ក្រាប ក្នុងផ្ទះសំណាក់យីហោរ"តារា"ស្ថិតនៅផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករាកាលពីនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ។
ក្នុង ប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរស្នងការរងនិងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសក្រោម បញ្ជាពី នាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញជួនសុវណ្ណបានដឹកនាំ កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរមនុស្ស ឆ្លងដែនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់និងបានជួយរំដោះស្ត្រី រងគ្រោះចំនួន៦នាក់ផ្សេងទៀតក្នុងផ្ទះសំណាក់យីហោរ"តារា"ស្ថិតនៅ ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។
លោកព្រុំសន្ធរ បានបញ្ជាក់ថាជនសង្ស័យនាមឈ្មោះធឿនពុទ្ធាឡាយធីជិនភេទស្រីអាយុ២៤ ឆ្នាំជនជាតិខ្មែរស្នាក់នៅចំណុងកើតហេតុខាងលើ បាននាំយកស្ត្រីទាំង៦នាក់នេះ មកស្នាក់នៅបណ្ដោះអាសន្ន ដើម្បីត្រៀមនាំទៅប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម។
ក្រោយពី បានចុះបង្ក្រាបករណីនេះ រួចហើយ កម្លាំងសមត្ថកិច្ច បានបញ្ជូនអ្នកពាក់ព័ន្ធខាងលើទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងបានអនុញ្ញាតឱ្យ ឪពុកម្តាយជនរងគ្រោះ ចំនួន២នាក់ និងបងស្រីជនរងគ្រោះម្នាក់ចូលទៅទទួលជនរងគ្រោះ ព្រមទាំងបានធ្វើការសាកសួរ និងស្រាវជ្រាវបន្ត៕