ខេត្តកំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនី យ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលព្រហ្មទណ្ឌ បានចេញបញ្ជាឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ធ្វើការតាមប្រមាញ់ចាប់បានជនដៃដល់ម្នាក់ឈ្មោះសួន ភារុន ហៅអ៊ូក អាយុ២០ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ដោយត្រូវបញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៦ កក្កដា ២០១៦ បន្ទាប់ពីជននោះប្រើដាវសាមូរ៉ៃកាប់ទៅលើគូជម្លោះ បណ្តាលឱ្យរងរបួស២នាក់ ត្រង់ចំណុចខណ្ឌរដ្ឋបាលជលផលខេត្ត ។
មន្ត្រីនគរបាលខេត្តឱ្យដឹងថា ស្ថិតក្នុងភូមិទី១០ សង្កាត់កំពង់ចាម កាលពីវេលាម៉ោង០៤ និង២៥នាទីរសៀលថ្ងៃទី៣ កក្កដា កន្លងទៅ មានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ថែមទាំងមានដាវសាមូរ៉ៃ៣មានមុខ.សស្ងាច បានដេញកាប់ទៅលើក្រុមជនរងគ្រោះ មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ធ្វើដំណើរតាមផ្លូវមាត់ទន្លេមេគង្គ បណ្តាលឱ្យរងរបួស២នាក់ ក្នុងនោះមាន ១-ឈ្មោះសែម អេម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវរបួសដៃទាំងសងខាង ២-ឈ្មោះយុក យ៉ាន់មុន្នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរអិស្លាម មានទីលំនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម របួសស្រាល និងចំណែក២នាក់ទៀត បានរត់គេចទាន់ ។
ប្រភពបន្តថា ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ រួចប្រើវិធានការជំនាញ រហូតដល់ស្គាល់អត្តសញ្ញាណក្រុមជនសង្ស័យម្នាក់ឈ្មោះសួន ភារុន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ដែលជាមុខសញ្ញាកាប់ចាក់ដ៏ល្បីក្នុងស្រុកកំពង់សៀម ។
ដោយមានសំណុំរឿង កំពុងស្ថិតនៅក្នុងដៃតុលាការខេត្ត រហូតមកដល់ថ្ងៃទី៤ កក្កដា ក៏ប្រទះឃើញជនដៃដល់ ដែលជាអ្នកកាប់ប្រហារក្នុងអំពើហិង្សាខាងលើក៏ត្រូវចាប់ខ្លួន ស្ថិតត្រង់ចំណុចវត្តនគរបាជ័យ ស្រុកកំពង់សៀម ក្នុងនោះបក្សពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ។
ក្រោយពីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តនោះ ជននេះឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើដាវកាប់ទៅលើក្រុមជនរងគ្រោះមែន ស្ថិតនៅត្រង់មុខខណ្ឌរដ្ឋបាលជលផលខេត្ត កាលពីថ្ងៃទី៣ កក្កដា កន្លងទៅ ជាមួយនិងបក្សជាច្រើនទៀត ដោយសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ កំពុងតែសុំដីកាតាមស្វែងរកចាប់ខ្លួន ។