ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកឈើលោតឆ័ត្រមួយគ្រឿង បានឆាបឆេះហ្មត់ ខណៈកំពុងបើកបោះពួយតាមបណ្តោយផ្លូវជាតិលេខ៧៦ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីយប់ ថ្ងៃទី០៧ កក្កដា ២០១៦ ។
អ្នកឃើញហេតុការណ៍ឱ្យដឹងថា រថយន្តម៉ាកបាឡែន ពណ៌សំបកឪឡឹកបោះពួយយ៉ាងលឿន មកពីស្រុកអូររាំង ថែមទាំងមានផ្ទុកឈើប្រណីតផងដែរ ។ បន្តិចក្រោយមក គេឃើញមានផ្សែងហុយ រួចមានមនុស្សរត់ចេញពីក្នុងរថយន្តទាំងភិតភ័យ ហើយក៏ស្ទុះស្ទារទាញឈើចេញពីក្នុងរថយន្ត ជម្លៀសដាក់កន្លែងមានសុវត្ថិភាព ដោយរថយន្តខាងលើឆេះដោយសារឆ្លងចរន្តអគ្គិសនី ។
សេចក្តីរាយការណ៍បន្តទៀតថា គេមិនបានឃើញមានសមត្ថកិច្ច ឬជំនាញបរិស្ថាន ព្រមទាំងរដ្ឋបាលព្រៃឈើ ចុះទៅពិនិត្យកន្លែងកើតហេតុនោះទេ ។ ទោះជាយ៉ាងណា ឈើប្រណីតដែលមានម្ចាស់ឈ្មោះនាថ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ចំណែករថយន្តរងគ្រោះ គឺត្រូវអណ្តាតភ្លើងឆាបឆេះ សល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។