ខេត្តបាត់ដំបង ៖ មានហេតុការដ៏រន្ធត់បំផុត ខណៈរោងការបានសាងសង់រួចរាល់ដែលត្រៀមចូលរោងការបងស្រីនៅថ្ងៃស្អែក ស្រាប់តែអកុសលប្អូនស្រីត្រូវខ្សែភ្លើងឆក់ស្លាប់ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៨ ខែកក្កដានេះ ដែលស្ថិតនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ដែលធ្វើឲ្យពិធីមង្គលការបងស្រីត្រូវលុបចោលទាំងស្រុង ដើម្បីយករោងការធ្វើជារោងបុណ្យសពប្អូនស្រីវិញ។
មន្ត្រីនគរបាលប៉ុស្ដិ៍លោក មាស សុខា បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឹម ស្រីនឿន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មន្ត្រីដដែលបន្តថា ជនរងគ្រោះត្រូវខ្សែភ្លើងឆក់នៅក្នុងតូបលក់ដូរខាងមុខផ្ទះ ពេលនាងទៅដកឌុយភ្លើង។ ក្រោយពេលកើតហេតុក្រុមគ្រួសារបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗដែរ តែអកុសលនាងបានស្លាប់បាត់ទៅហើយ។ លោក មាស សុខា បានបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ ស្របពេលនៅផ្ទះរបស់នាងបានសាងសង់រោងរួចរាល់ត្រៀមចូលរោងរៀបចំ មង្គលការបងស្រីរបស់នាង នៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះផងដែរ តែពេលនេះត្រូវលុបចោលនូវពិធីមង្គលការនេះហើយ ដើម្បីរៀបចំធ្វើបុណ្យសពប្អូនស្រីវិញសិន។
បើតាមក្រុមគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃកើតហេតុ ឈ្មោះរឹម ស្រីនឿន បានដើរទៅដកឌុយខ្សែភ្លើងដែលតកង្ហានៅក្នុងតូបខាងមុខផ្ទះ តែមិនដឹងយ៉ាងម៉េចស្រាប់តែត្រូវខ្សែភ្លើងឆក់អុកគូថតែម្ដង។ ប្រភពដដែលបានបន្តថា ក្រោយកើតហេតុភ្លាមបងប្អូនបានដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យភ្លាម ៗដែរ តែទៅដល់ពេទ្យគឺនាងបានស្លាប់បាត់ទៅហើយ។ បងប្អូនក៏បានដឹកត្រឡប់មកផ្ទះវិញ ដោយមិនអស់ចិត្តក៏នាំគ្នាយកសាកសពទៅកប់ដីខ្សាច់ទៀត ដើម្បីឲ្យអស់ចិត្ត តែទីបំផុតនៅតែមិនអាចសង្គ្រោះបានឡើយ។
ជាមួយនឹងភាពសោកសៅ ដែលកើតឡើងស្របពេលមានការរៀបចំពិធីមង្គលការកូនចៅនេះ បើតាមសាច់ញាតិជនរងគ្រោះបានប្រាប់ថា ក្រុមគ្រួសារស្ត្រីរងគ្រោះបានសម្រេចលុបចោលពិធីមង្គលការនោះហើយ ដោយសម្រេចយករោងការធ្វើជារោងបុណ្យសពវិញ។ រីឯភ្ញៀវរាប់រយនាក់ដែលបានអញ្ជើញឲ្យចូលរួមមង្គលការកូនប្រុសស្រី ក៏ត្រូវជូនដំណឹងសុំផ្អាកវិញហើយដែរ ព្រោះគ្រួសារខាងកូនក្រមុំ កំពុងមានទុក្ខយ៉ាងធ្ងន់ធ្ងរបំផុត៕