ខេត្តសៀមរាប៖ យុវជនបីនាក់ មកទទួលពាក្យប្រលងចូលក្របខ័ណ្ឌនគរបាលជាតិ ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើតេស្តពិនិត្យទឹកនោមពួកគេរួច រកមើលសារធាតុញៀន ស្ថិតនៅស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។
ប្រភពពីអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើតេស្តពិនិត្យទឹកនោមរកមើលសារធាតុញៀននៅស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចំពោះបេក្ខជននិងបេក្ខនារី ដែលមកទទួលពាក្យប្រលងចូលក្របខ័ណ្ឌនគរបាលជាតិ ជាលទ្ធផលរកឃើញសារធាតុញៀននៅក្នុងទឹកនោមចំនួន៣នាក់ និងធ្វើការបញ្ជូនទៅមជ្ឈមណ្ឌល នៅក្នុងថ្ងៃខែឆ្នាំដដែល៕