រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 មួយគ្រឿងបើកលឿនដូចហោះបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវ ដោយសារតែរថយន្តបើកបររវល់តែឈ្លោះប្រកែកជាមួយគូស្នេហ៍ដោយសារតែរឿង ប្រចណ្ឌ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចស្តុបអាងទឹក ស្ថានីយប្រេងឥន្ធនៈតេលា ផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
សាក្សីដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-9179 ជិះគ្នា២នាក់ជាគូស្នេហ៍នឹងគ្នា តាមបណ្ដាយផ្លូវព្រះសីហនុពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនហើយឈ្លោះប្រកែកគ្នា លុះមកដល់ចំណុចស្តុបតេលា រថយន្តបើកលឿនពេកបានបត់ស្ដាំជ្រុលទៅបុកក្បាលនាគពុះចែក ទ្រូងផ្លូវ បណ្ដាលវៀច២កង់ ធ្វើឲ្យរថយន្តដាច់កាឡេកង់មុខខាងស្ដាំ និងផ្ទុះពោងសុវត្ថិភាពទាំង២ តែសំណាងល្អគូស្នេហ៍ទាំង២មិនមានគ្រោះថ្នាក់អ្វីឡើយ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញស្រីស្អាតម្នាក់បានចេញពីក្នុងរថយន្ត ហើយដើរទៅវាយបុរសជាអ្នកបើករថយន្ត២-៣ដៃ ដោយនិយាយស្តីបន្ទោសទៅខាងប្រុសថា បើបងមិនជឿអូនទេ ក៏ហីទៅចុះ ។ ភ្លាមៗនោះសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បានឃាត់ភាគីទាំង២កុំឲ្យឈ្លោះប្រកែកគ្នា ត្រូវគូស្នេហ៍នោះប្រាប់ថា កុំចេះដឹងរឿងរបស់គេ ។
បើតាមសំដីពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ថា គូស្នេហ៍មួយគូនេះឈ្លោះប្រកែកដោយសារតែខាងប្រុសប្រចណ្ឌខាងស្រី ទើបបង្កឲ្យមានការគ្រោះថ្នាក់ចរាចរណ៍បែបនេះ សំណាងហើយដែលបុករបាំងថ្ម ចុះបើកបុកអ្នកធ្វើដំណើរតាមផ្លូវច្បាស់ជាស្លាប់ហើយ បើរថយន្តបើកដូចហោះបែបនេះ ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្កបាននិយាយថា គេមិនបានបុកមនុស្សទេ គ្រាន់តែបុករបាំងថ្មតែប៉ុណ្ណោះ ។ រថយន្តបង្កព្រមទាំងគូស្នេហ៍ខាងលើនេះត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសងថ្លៃខូចខាតក្បាលនាគពុះចែកផ្លូវ ៕