ក្មេង​ប្រុស​ម្នាក់​បាន​រង​របួស​បែក​រយះ​ក្បាល​ធ្ងន់ដោយចោទថាសន្តិសុខ​«​មណ្ឌលព្រៃ​ស្ពឺ​» ជា​អ្នក​វាយ

11-July-2016 | ដោយ មែន កំសត់

 

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​បាន​រង​របួស​បែក​រយះ​ក្បាល​ធ្ងន់ និង​យុវជន​ម្នាក់​ទៀត​បាន​រង​របួស​ប៉ោង​មុខ និង​ខ្លួនប្រាណ ដោយសារ​តែ​ក្រុម​សន្តិសុខ​យាម​នៅ​មជ្ឈមណ្ឌល សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ហៅ «​មណ្ឌលព្រៃ​ស្ពឺ​» មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ ព្រួត​គ្នា​វាយ​ធ្វើបាប​គ្នា​គ្មាន​ប្រណី​ដៃ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ រួម​ជាមួយ​អ្នក​ស្នាក់​នៅ​ក្នុង​មណ្ឌល​ខាងលើ​ព្យាយាម​រត់​ចេញ ដោយ​ពួក​គេ និយាយ​ថា ទ្រាំ​រស់នៅ​ក្នុង​នោះ​មិន​បាន ព្រោះ​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ និង​ការ​ធ្វើបាប​គ្រប់ពេលវេលា​ថែម​ទៀត​ផង ។

ប៉ុន្តែ​ក្រុម​សន្តិសុខ​ខាងលើ បាន​និយាយ​ថា ជន​រង​គ្រោះ​ទាំងនោះ​រត់​បុក​ក្បាល​គ្នា ទើប​បណ្ដាល​ឲ្យ​រង​របួស​បែប​នេះ មិនមែន​សន្តិសុខ​ជា​អ្នក​វាយ​នោះ​ឡើយ ។ ដោយឡែក​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ក្រុម​សន្តិសុខ​ខាងលើ សាហាវ​ខ្លាំង​ណាស់ ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ​ដេញ​វាយ​ជន​រង​គ្រោះ​ដូច​សត្វ​ធាតុ ប៉ង​សម្លាប់​តែ​ម្ដង បើ​កុំ​តែ​បាន​ពួក​គាត់​ជួយ ប្រហែល​ត្រូវ​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា នៅ​ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នោះ យុវជន​ឈ្មោះ យ៉ែ​ម សុខ​លី​ម អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើការ​ហាង​សាច់​អាំង​នៅ​ខណ្ឌទួលគោក និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​កោង​ទន្លេ ឃុំ​ល្វេ ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង និយាយ​ថា​ខ្លួន ត្រូវ​បាន​ចាប់ពី​ផ្សារ​ចាស់ ខណ្ឌដូនពេញ យក​ទៅ​ដាក់​មណ្ឌល​នោះ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​។ មិនតែប៉ុណ្ណោះ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ហុងដា​ស្គូ​ពី ១​គ្រឿង ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ ភ្នំពេញ​1BX-7476 ទៀត​ផង ។

ចំណែក​ក្មេង​ប្រុស​ឈ្មោះ ចក់ សំណាង អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ និង​ត្រូវ​បាន​គេ​ចាប់​នៅ​ម្ដុំ​ផ្សារ​កណ្ដាល ខណ្ឌដូនពេញ ទៅ​ដាក់​មណ្ឌល​នោះ​កាលពី​៣​ទៅ​៤​ថ្ងៃមុន ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​នៅ​ក្នុងផ្ទះ បានឮ​សម្រែក​ឲ្យ​ជួយ​ពី​សំណាក់​ក្មេង​ប្រុស​តូច​ម្នាក់ និង​មាន​សម្រែក​ឲ្យ​ឈប់​ពី​សំណាក់​មនុស្ស​១​ក្រុម​ផ្សេង​ទៀត យ៉ាង​កងរំពង​ផង ។ ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ភូមិ​បាន​នាំ​គ្នា​ចេញ​ទៅ​មើល បានឃើញ​ក្រុម​សន្តិសុខ​ខាងលើ​មាន​ដំបង​គ្រប់​ដៃ កំពុង​ដេញ​វាយ​ពួក​គេ​ទាំង​ពីរ​នាក់ យ៉ាង​ព្រៃផ្សៃ ទោះបី​ជន​រង​គ្រោះ​លើកដៃ​សំពះ​អង្វរ​យ៉ាងណា​ក៏​ដោយ ក៏​មិន​ព្រម​លើកលែង​ឲ្យ​ដែរ គឺ​វាយ​រហូត​បែក​រយះ​ក្បាល​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ និង​យុវជន​អាយុ​២២​ឆ្នាំ​ម្នាក់​ទៀត​ត្រូវ​ប៉ោង​មុខ​។ បន្ទាប់​ពី​ឃើញ​បែប​នេះ ពួក​គាត់​បាន​នាំ​គ្នា​ចេញ​ជួយ ទើប​សន្តិសុខ​ទាំងនោះ​បាន​នាំ​គ្នា​ឈប់​វាយ និង​ចាកចេញ​ទៅ​បាត់ ។ ក្រោយមក​បាន​ទៅ​សុំ​យក​ជន​រង​គ្រោះ​ទៅ​ដាក់​ក្នុង​មណ្ឌល​វិញ ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ឲ្យ​ទេ និង​បាន​ឲ្យ​លុយ​ទៅ​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ បាន​និយាយ​ថា​ពួក​គេ​រួម​ជាមួយ​អ្នក​ស្នាក់​នៅ​ក្នុង​នោះ មួយ​ចំនួន​ទៀត បាន​សម្រុក​រត់​ចេញពី​ក្នុង​មណ្ឌល​នោះ ក្នុង​បំណង​ស្វែងរក​សេរីភាព ព្រោះតែ​មិន​អាច​ទ្រាំទ្រ រស់នៅ​ក្នុង​នោះ​បាន​តទៅ​ទៀត​ទេ ។ តាម​ពួក​គេ​និយាយ​គឺ​រស់នៅ​ទីនោះ ពិបាក​ជាង​ជាប់គុក​ទៅ​ទៀត ជា​ពិសេស​ការ​ហូប​ចុក មិន​បាន​គ្រប់គ្រាន់ ហូប​បាយ​ខ្លោច សម្លរ​មាន​តែ​ទឹក មិនសូវ​មាន​សាច់​មាន​បន្លែ​នោះ​ទេ អន់​ជាង​បាយ​ជ្រូក ។

តាម​ការ​រៀបរាប់​បានឱ្យ​ដឹង​ទៀត​ថា រាល់ថ្ងៃ​ពួក​គេ​ឃើញ​អ្នកគ្រប់គ្រង​មណ្ឌល​នោះ ដឹក​បន្លែ ត្រី សាច់ ទាំង​រថយន្ត​ៗ ប៉ុន្តែ​ពួក​គេ​មិន​ដែល​បាន​ហូប​ទេ មិនដឹង​ថា​យក​ទៅ​ណា​ឡើយ និង​ទទួល​រង​ការ​ធ្វើបាប​ដូច​សត្វ​ធាតុ​ស្ទើរ​រាល់ថ្ងៃ ។ ដោយសារ​តែ​បែប​នេះ ទើប​នៅ​ពេល​មានឱកាស ពួក​គេ​បាន​នាំ​គ្នា​រត់គេច​ខ្លួន ហើយ​ត្រូវ​ក្រុម​សន្តិសុខ​ឃើញ​ក៏​លើកគ្នា​ដេញ​តាម​ចាប់​វាយ​យ៉ាងនេះ​តែ​ម្ដង ។

ទោះបីជា​យ៉ាងណា ក្រុម​សន្តិសុខ​ខាងលើ បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​នោះ​ទេ គឺ​ពួក​គេ​បាន​នាំ​គ្នា​រត់​បុក​គ្នា​បណ្ដាល​ឲ្យ​បែកក្បាល​ខ្លួនឯង​តែ​ ប៉ុណ្ណោះ ហើយ​កម្លាំង​សន្តិសុខ​បាន​នាំ​គ្នា​ដេញ​តាម​ចាប់​យក​ទៅ​វិញ ព្រោះ​មិនមែន​មាន​តែ​២​នាក់​នោះ​ទេ ដែល​រត់​ចេញពី​មណ្ឌល គឺ​មាន​រហូត​ដល់​ទៅ ជាង​៣០​នាក់​ឯណោះ និង​ចាប់​វិញ​បាន​ខ្លះ ។

បញ្ហា​មណ្ឌល​ព្រៃ​ស្ពឺ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​មាន​ប្រតិកម្ម​ម្តង​មក​ហើយ កាលពី​ប៉ុន្មាន​ខែ​មុន ដែល​បាន​ធ្វើ​ឱ្យ​សម្តេច​ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ឈឺក្បាល ដោយ​សម្តេច​បាន​ផ្តល់​អនុសាសន៍​ថា បើ​គ្រប់គ្រង​មិន​បាន​ល្អ​ទេ គប្បី​បិទ​ចោល​តែ​ម្តង​ទៅ ។ ក្នុង​ការ​ឆ្លើយ​តប​ប្រតិកម្ម​នេះ ទាំង​លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​លោក វង សូត និង​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​នេះ ដោយ​បាន​សន្យា​រៀបចំ​ឱ្យ​មាន​ភាព​កក់ក្តៅ សម្រាប់​ក្រុម​ជនអនាថា ដែល​បាន​ប្រមូល​យក​ទៅ​កាន់​កន្លែង​នោះ ប៉ុន្តែ​ដូច​នៅ​យ៉ាប់​ដដែល ។

នេះ​ជា​លើក​ទី​១​ហើយ ដែល​ប្រជាពលរដ្ឋ​បានឃើញ​ពី​ការ​ដេញ​វាយ​ដោយ​ដំបង​ពី​សំណាក់​សន្តិសុខ​មណ្ឌល ដែល​ទ​ង្វើ​ង​នេះ​ប្រហែលជា​ល្មម​ដល់​ពេល​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ជា​ថ្មី​ ហើយ​។ ពិតជា​ពិបាក​ណាស់ កន្លែង​ស្នាក់​នៅ​សូ​ម្បី​អ្នក​សុំទាន​ក៏​នៅ​មិន​បាន​ទៅ​ហើយ គួរតែ​ពិចារណា​ឡើង​វិញ ៕

 

ចំនួនអ្នកទស្សនា

    20569547

  • ថ្ងៃនេះ11941
  • ម្សិលមិញ14181
  • សប្តាហ៍នេះ11941
  • ខែនេះ127091
  • ឆ្នាំនេះ127091
  • សរុប20569547