រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅម្តុំហ្គ្រេនភ្នំពេញបាននាំគ្នាភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះទៅពិនិត្យ បន្ទាប់ពីសន្តិសុខម្នាក់បំរើការងារនៅទីនោះម្នាក់បានប្រទះឃើញសព នារីម្នាក់អណ្តែតនៅក្នុងស្រះទឹក ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្រះទឹក ហ្គ្រេនភ្នំពេញ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប្រភពពីបុរសម្នាក់ឈ្មោះ កែវ វណ្ណី អាយុ៦១ឆ្នាំ ដែលអះអាងថាត្រូវជាឪពុកនារីរងគ្រោះ បានអោយដឹងថា កូនស្រីគាត់ ឈ្មោះ កែវ សុគន្ធា អាយុ២៣ឆ្នាំ ជាមនុស្សមានជំងឺសរសៃប្រសាទ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពបានឲ្យដឹងទៀតថា កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១០កក្កដាម្សិលមិញ កូនរបស់គាត់(សព)បានប្រាប់ថា ទៅទិញបាយហូប ហើយក៏បាត់រហូតតែម្តងមិនឃើញត្រឡប់មកផ្ទះវិញទេ ។ គាត់បានទៅប៉ុស្តិ៍ប៉ូលិសឲ្យជួយរក និងទូរស័ព្ទទៅវិទ្យុ ABC អោយជួយផ្សព្វផ្សាយដែរ ក្រែងមានបងប្អូនណាបានឃើញ ។ លុះដល់វេលាម៉ោងប្រហែល៨ និង៣០នាទីថ្ងៃទី១១កក្កដា គាត់បានទទួលព័ត៌មានថា មានគេប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចខាងលើ ក៏ប្រញាប់មកមើល ទើបដឹងថា គឺជាកូនស្រីរបស់គាត់ ។
បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា នារីរងគ្រោះបានស្លាប់ដោយសារលង់ទឹក មិនមានជាករណីឃាតកម្មអ្វីឡើយ រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕