ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់អះអាងតាមទូរស័ព្ទថា ត្រូវអ្នករត់តាក់ស៊ី និង បក្សពួកជម្រិតយកទូរស័ព្ទ១គ្រឿង និងប្រាក់មួយចំនួនសរុបជិត២ម៉ឺនបាត(ប្រាក់ថៃ) រួចទម្លាក់ចោលកណ្តាលផ្លូវនៅចំណុចសាលាក្រហម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីម៉ោង៥ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។
ជនរងគ្រោះខាងលើឈ្មោះ ហេង វិឆៃ ភេទប្រុស អាយុ២២ឆ្នាំ ជាពលករធ្វើការផ្នែកសំណង់នៅខេត្តអាយុធ្យាប្រទេសថៃ និង មានទីលំនៅភូមិកូប ឃុំអំពិលប្រាំដើម ស្រុកបវេល ។
ពលកររងគ្រោះខាងលើរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបានចេញពីទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតគ្រោងទៅ ភូមិកំណើតមើលឪពុកឈឺនៅផ្ទះ តែត្រូវអ្នករត់តាក់ស៊ីហៅជិះរថយន្តដោយប្រាប់ថា រថយន្តគេត្រូវចេញដំណើរហើយ ។ ពលករខាងលើបន្តថា ក្នុងរថយន្តនោះមានគ្នា៤នាក់រួមទាំងអ្នកបើកបរ ហើយអ្នកដំណើរម្នាក់បានចុះតាមផ្លូវនៅសល់តែ៣នាក់ក្នុងរថយន្ត ប៉ុណ្ណោះ លុះដល់ចំណុចស្ងាត់ក្នុងឃុំស្រុកខាងលើស្រាប់តែអ្នកបើកបរ និង បុរសម្នាក់ទៀតសង្ស័យជាបក្សពួកគ្នាបានសម្លុតសួររកប្រាក់ និង យកទូរស័ព្ទម៉ាកសាំស៊ុង Galaxy J7 ពណ៌ទឹកមាសអស់១គ្រឿង និង ប្រាក់ថៃ៣ពាន់បាត សរុបទាំងអស់ជិត២ម៉ឺនបាត ។
ជនរងគ្រោះបន្តថា ក្រោយក្រុមជនសង្ស័យជម្រិតរួច គេទម្លាក់ឲ្យខ្លួនចុះតាមផ្លូវ រួចបើករថយន្តកាមរីគេចត្រឡប់ទៅទិសខាងលិចវិញបាត់ស្រមោល ។
អ្នករត់តាក់ស៊ីម្នាក់ផ្សេងទៀតដែលជួបពលកររងគ្រោះ តែសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ដំបូងឃើញពលករខាងលើដើរស្ពាយកាបូបតាមដងផ្លូវ ហើយពេលសួរនាំគេរៀបរាប់ទាំងទឹកភ្នែកថា ត្រូវមនុស្ស២នាក់ជម្រិតក្នុងរថយន្តកាមរីយកប្រាក់អស់ គ្មានប្រាក់ជិះរថយន្តទេ ។ អ្នករត់តាក់ស៊ីចិត្តធម៌ខាងលើក៏បានដឹកជនរងគ្រោះទៅផ្ទះសាច់ញាតិ នៅភូមិពង្រកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីខ្ចីប្រាក់ឲ្យថ្លៃរថយន្ត និង បន្តដំណើរទៅភូមិកំណើត ។
ករណីខាងលើនេះ សង្ឃឹមថា សមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងចាត់វិធានការរកមុខជនល្មើសយកមក ផ្តន្ទាទោសដើម្បីកុំឲ្យអ្នកដំណើរខ្លាចរអារទៅទៀត ។
គួរបញ្ជាក់ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយរយៈចុងក្រោយនេះ ហាក់ស្ងាត់ពលករឆ្លងកាត់ទៅមកដីថៃ ហើយក្រុមពលករងាកទៅឆ្លងព្រំដែនទៅមកដីថៃតាមច្រកទ្វារអន្តរជាតិ ដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ឬ ច្រកអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិនវិញ ព្រោះតែមានករណីជម្រិតទារប្រាក់ពីក្រុមមេខ្យល់ខ្លាំងពេក ៕