ខេត្តកំពង់ចាម៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានចុះទៅឃាត់សកម្មភាពរបស់ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ពេលកំពុងដឹករូបថតសពលោកបណ្ឌិត កែម ឡី តាមរឺម៉ក់តាមទីសាធារណ: ដើម្បីប្រាប់ទៅប្រជាពលរដ្ឋអុជធូប គោរពវិញ្ញាណក្ខន្ធ និងចូលបច្ច័យ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា "ស្តាយថ្មីលើដីក្រុងកំពង់ចាម មនុស្សប្រុសស្រី៣នាក់យករូបថតលោក កែម ឡី ដាក់លើរម៉ក់អូសតាមមុខផ្សារបឹងកុក ហើយហៅគេឲ្យអុជធូបគោរពវិញ្ញាណក្ខន្ធនិងចូលបច្ច័យ តែឥឡូវនគរបាលយើងបានឃាត់យកមកអប់រំ មិនឲ្យធ្វើបែបនេះឡើយ"។ បើតាមការបញ្ជាក់ពីលោកស្នងការ ការរៀបចំឲ្យមាន និងដឹកនាំឲ្យសកម្មជនរបស់ខ្លួនធ្វើសកម្មភាព គ្មានការអនុញ្ញាតមួយនេះ គឺដឹកនាំដោយឈ្មោះ ចូន ធាង និងគឹម ស្រីអូន សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ។ សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់២គ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងស្តារម៉ាតប្រេងកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែភ្លាមៗនោះ ឃាតកត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បានភ្លាមៗផងដែរ។