ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែង នៅយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះថា កម្លាំងសមត្ថកិច្ចរបស់លោក មានវិដេអូរូបភាពពី Camera ដែលថតពីទិដ្ឋភាព នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុង Star Mart ស្ថានីយ៍ប្រេងកាល់តិចទាំងអស់នៅកន្លែងកើតហេតុ ទាំងទិដ្ឋភាពនៅខាងក្នុងនិងនៅខាងក្រៅតែវាមិនទាន់ដល់ពេលប្រាប់និងបង្ហាញជាសាធារណ:ដល់មហាជនក៏ព្រោះតែករណីឃាតកម្មនេះកំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ។
ការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយ និងការលើកឡើងផ្សេងៗ នៅតាមបណ្តាញសង្គម Facebook ថា Camera នៅកន្លែងកើតហេតុនោះថតមិនបានពីសកម្មភាពនោះទេ ដោយសារតែពេលនោះដាច់ភ្លើង ហើយមតិខ្លះទៀតបានលើកឡើងថា សមត្ថកិច្ចយក Memory Card របស់ Camera ពុំបានពីទិដ្ឋភាព នៃការបាញ់ប្រហារនេះឡើយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលកំពុងដឹកនាំកម្លាំងជំនាញស៊ើបអង្កេតករណីឃាតកម្មដ៏សាហាវមួយនេះ បានបញ្ជាក់ថា «យើងយកបានរូបភាពវិដេអូ (Camera) តែទាំងអស់ហ្នឹង មានទាំងនៅខាងក្នុង Star Mart របស់កាល់តិច និងនៅខាងក្រៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ តែពេលនេះយើងមិនអាច បង្ហាញបានទេ ពីព្រោះវាកំពុងស្ថិតនៅក្នុងការស្រាវជ្រាវ នៅឡើយ ហើយបើការស៊ើបអង្កេតត្រូវបានបញ្ចប់ពេលនោះ យើងនឹងបង្ហាញលទ្ធផលហើយ»។
នាយឧត្តមសេនីយ៍បានបន្តទៀតថា សម្រាប់ Camera ដែលយើងទទួលបាននោះ គឺថតបានពីសកម្មភាព អ្នកបើកម៉ូតូឌុប ជនដៃដល់មកបាញ់ប្រហារ ហើយចាប់បាននៅពេលជនដៃដល់ រត់ចេញមកក្រៅ ក្រោយពេលបាញ់រួច គឺយើងមានទាំងអស់ តែយើងកំពុងស្រាវជ្រាវថា តើមានអ្នកពាក់ព័ន្ធណាខ្លះទៀត។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចំនួន២គ្រាប់ នៅក្នុង Star Mart ស្ថានីយ៍ប្រេងកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ៕