ភ្នំពេញ៖អាជ្ញាធរខណ្ឌមានជ័យបាន ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខខុសច្បាប់ចំនួន២កន្លែងនិងឃាត់ខ្លួន បានមនុស្សប្រុសស្រីចំនួន៤នាក់រួមនិងសម្ភារៈពាក់ព័ន្ធបទល្មើស មួយចំនួន។ប្រតិបត្តិការបង្ក្រាបទីតាំងកត់កន្ទុយលេខនោះស្ថិតនៅចំណុច ផ្ទះលេខ C១៩ និងផ្ទះលេខ C២០ ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារបេសេស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនខណ្ឌមានជ័យកាលរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ ។
សមត្ថកិច្ច បានឲ្យដឹងថាការបង្ក្រាបនេះគឺធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវអស់ រយៈពេលជាយូ រហូតដល់កំណត់មុខសញ្ញាបាន និងមានការឯកភាពពីលោកតុបឈុនឡុងព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ។ទើបថៃ្ងនេះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខទាំង២ខាងលើនេះតែម្តង។
នៅក្នុង ការបង្ក្រាបនេះកម្លាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤ នាក់ យកទៅសាកសួរ ។ ក្នុងនោះស្ត្រីឈ្មោះ អាន ណារិនអាយុ ២៩ឆ្នាំជាអ្នកកត់កន្ទុយលេខឲ្យគេស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យស្ត្រីឈ្មោះ សន សំអាតអាយុ៤១ឆ្នាំជាអ្នកកត់កន្ទុយលេខឲ្យគេដូចគ្នា។ឈ្មោះមាន ប៊ុន ហេង ភេទប្រុសអាយុ ៣០ឆ្នាំ និងឈ្មោះ លី ជា ភេទប្រុស អាយុ ២៣ឆ្នាំ ។
មន្ត្រីដដែលបានបន្តថាចំពោះផ្ទះកត់កន្ទុយលេខC១៩កម្លាំង មានសមត្ថកិច្ចធ្វើការដកហូតបានលុយដុល្លារចំនួន២០០ដុល្លារលុយ ខ្មែរ៤០ម៉ឺនរៀលម៉ាស៊ីនគិតលេខចំនួន៣, រួមនិងទូរសព្ទ័ដៃចំនួន២គ្រឿង នេះសម្រាប់ផ្ទះកត់កន្ទុយលេខ C១៩។
ចំណែកផ្ទះលេខC២០វិញសមត្ថកិច្ចដកហូតបាន ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួន,លុយខ្មែរចំនួន១លាន៩០ម៉ឺន រៀល,ម៉ាស៊ីនព្រីមចំនួន០៣គ្រឿង,ម៉ាស៊ីគិតលេខចំនួន៣,និង សម្ភារៈមួយចំនួនទៀត។បច្ចុប្បន្នមនុស្សទាំង៤នាក់រួមនិងវត្ថុតាង ត្រូវកម្លាំងមានសមត្ថកិច្ចបាននាំខ្លួនយកទៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕