ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់អាយុទើបតែបាន២ឆ្នាំ បានលង់ទឹកស្លាប់ នៅក្នុងស្រះទឹកមួយកន្លែងនៅក្បែរផ្ទះចម្ងាយប្រហែលជា ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិចុងកាល់ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្មេងប្រុសរងគ្រោះឈ្មោះ គ្រឿន មករា អាយុ ២ឆ្នាំ ហើយឪពុកកុមាររងគ្រោះឈ្មោះ ប៉ាត គ្រឿន អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីយោធា ចំណែកឯម្តាយឈ្មោះ តុល ភាត់ អាយុ២៦ឆ្នាំ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ហេតុការណ៍ដែលបានរកឃើញសាកសពកុមាររងគ្រោះ នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ បើតាមរៀបរាប់ពីស្ត្រីជាម្ដាយបានឱ្យដឹងថា នៅមុនកើតហេតុកុមាររងគ្រោះ នឹងមានក្មេងជាច្រើនផ្សេងទៀត បានលេងទឹកនៅក្បែរផ្ទះ ខណៈមេឃកំពុងតែភ្លៀង ហើយខ្លួនជាម្ដាយ កំពុងជាប់រវល់ធ្វើកិច្ចការងារផ្ទះ ចំណែកឯឪពុក ជាប់រវល់ទៅបន្ទាយទាហាន ដោយសំអាងកូនរបស់ខ្លួន កំពុងតែលេងទឹកភ្លៀងជាមួយក្មេងៗ ក្នុងភូមិ នៅក្បែរផ្ទះ មិនបានចាប់អារម្មណ៍។ នៅពេលរកកូនប្រុស ដើម្បីបញ្ចុកបាយ ក៏ស្រាប់តែបាត់ ហើយបានសួរទៅក្មេងដែលលេងជាគ្នា ក៏រកមិនឃើញ ហើយថែមទាំងបានដើររកនៅតាមទឹកថ្លុក និងទឹកពាងនៅក្បែរផ្ទះ ក៏រកមិនឃើញទៀត។
ពេលនោះសាច់ញាតិ និងអ្នកជិតខាង ក៏ជួយរកដែរ ដោយមានការសង្ស័យ ក៏ទៅរកនៅស្រះ ដែលមានចម្ងាយពីផ្ទះប្រហែលជា ៥០ម៉ែត្រ ហើយពេលទៅដល់ក៏ឃើញសពកុមាររងគ្រោះអណ្តែតចេញពីទឹក ឪពុកម្ដាយ និងអ្នកជិតខាងឃើញសភាពបែបនេះមានក្ដីតក់ស្លុតបំផុត។ ភ្លាមៗនោះខ្លួនជាម្តាយបានរាយការណ៍ដល់សមត្ថកិច្ច ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។ ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សព ឳ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕