មណ្ឌលគិរី៖អាជ្ញាធរខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៦បានឃាត់ខ្លូនស្ដ្រីម្នាក់ដែល ជាប់សង្ស័យពីបទជាមេខ្យល់បំផុសឲ្យប្រជាពលរដ្ឋរាប់រយនាក់មកពីទី ផ្សេងៗគ្នាបោះជំរុំនៅក្នុងដីព្រៃក្រុមហ៊ុនផេស៊ីហ្វិចជាដីព្រៃ ដែលបានចុះបញ្ជីរួចហើយដើម្បីកាប់រានយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នៅស្រុកកោះញែកខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រី ឈ្មោះ រ៉ិត វណ្ណីនេះ បន្ទាប់ពីគាត់បាន ប្រព្រឹត្តសកម្មភាព ប្រមូលប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗ រាប់រយនាក់ ជាច្រើនលើកច្រើនសារកន្លងមកគឺនាំគ្នាមកបោះជំរុំ ក្នុងដីរបស់ក្រុមហ៊ុន ផេស៊ីហ្វិច ស្ថិតនៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មកកាប់ទន្ទ្រានព្រៃ យកដីរបស់ក្រុមហ៊ុន ដោយខុសច្បាប់អាចមានទំហំជាង១.០០០ហិកតា។
លោក ប៊ុត សុភាព នាយកសន្តិសុខ បានឲ្យដឹងថា កាលពីដំបូងឈ្មោះ រ៉ិត វណ្ណី អាយុ៤២ឆ្នាំ បានមកជួលដីរបស់ក្រុមហ៊ុន ផេស៊ីហ្វិច ដើម្បីសង់តូបលក់ធម្មតា មានទាំងកិច្ចសន្យា ជាលាយលាក់អក្សរទៀតផង។តែនៅពេលដែលគាត់បែកគំនិត បានប្រមូលគ្នីគ្នា មកលួចបោះជំរុំក្នុងគោលបំណង កាប់រុករានទន្ទ្រានដីរបស់ក្រុមហ៊ុនខាងលើ ដែលបានចុះបញ្ជីរួចហើយ ទង្វើរបស់មេខ្លោងខាងលើនេះ បានដឹកនាំបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកបោះទីតាំងនៅទីនេះ ដើម្បីកាប់រុករានដីយកធ្វើជាកម្មសិទ្ធដោយពួកគេហាក់បីដូច
មិនស្គាល់ពីច្បាប់ឡើយ។
លោកនាយកសន្តិសុខនោះបានបន្តថាលោកស្រីរ៉ិតវណ្ណីនិងបក្សពួក របស់ខ្លួនលោកធ្លាប់បានធ្វើការណែនាំប្រាប់ពីផ្លូវច្បាប់ជាច្រើនដង សុំឲ្យបញ្ឈប់សកម្មភាពនេះទៅ ព្រោះវាអាចប្រឈមនឹងច្បាប់ជាមិនខាន ។ប៉ុន្តែទោះបីមានការណែនាំ ពីក្រុមហ៊ុនយ៉ាងណាក៏ដោយ ក៏លោកស្រី និងបក្ខពួកនៅតែបន្តសកម្មភាព មិនបានធ្វើតាមការណែនាំទេ។លោក បន្ថែមថា ចុងក្រោយការហាមប្រាមពីក្រុមហ៊ុនលែងស្តាប់នោះ ទើបខាងក្រុមហ៊ុន សម្រេចដាក់ពាក្យប្តឹង មកកាន់អាជ្ញាធរខេត្តមណ្ឌលគិរី ឲ្យជួយចាត់វិធានការតាមផ្លូវច្បាប់។
លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកបានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរស្រុកកោះញែក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក យោធាស្រុក បានចុះប្រតិបត្តិការ ធ្វើការស្រាវជ្រាវ និងពិនិត្យដល់ទីតាំងខាងលើ ពិតជាមានសកម្មភាពនេះ ពិតប្រាកដមែន។ ក្នងនោះមានក្រុមប្រជាពលរដ្ឋចំនួន២៣១នាក់ មកបោះជុំរុំ ស្នាក់នៅក្នុងទីតាំងដី របស់ក្រុមហ៊ុន ផេស៊ីហ្វិច ដោយបានកាប់រុករានដីព្រៃនេះ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ទើបសមត្ថកិច្ចដាក់ការសង្ស័យថាឈ្មោះ រ៉ិត វណ្ណី ជាមេខ្លោងតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនស្ត្រីរ៉ិតវណ្ណីទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការដើម្បីចាត់ការតាមនិតិវីធីច្បាប់៕