ពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុល ដើម្បីសន្តិសុខ សុវត្ថិភាពសង្គម

15-July-2016 | ដោយ មែន កំសត់

 

កំពង់ឆ្នាំង ៖ ដើម្បីរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អនៅក្នុងខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ចេញនូវគោលការណ៍អោយ ស្នងការនគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រឹតបណ្តឹងនូវការពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុលនៅពេលយប់ ធ្វើយ៉ាងណាធានា និងរក្សាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថភាពល្អនៅក្នុងខេត្ត។

ជាក់ស្តែងនៅយប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៦នេះកម្លាំងចំរុះប្រមាណជិត៣០នាក់មកពីការិយាល័យអាវុធជាតិផ្ទុះនិងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុលនៅចំណុចផ្លូវបែកជាបួន ស្ថិតក្នុងភូមិធម្មយុត្ត សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក កែវ ឈុន នាយការិយាល័យអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា៖ តាមគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវវិធានការលុបបំបាត់អោយអស់នូវការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ដាវកាំបិតពូថៅឬសំភារៈដែលអាចបង្ករបួសស្នាមដល់អ្នកដទៃ និងអាចដាក់ជាប់ខ្លួនបាន។ តាមគោលការណ៍របស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ការពិនិត្យអាវុធជាតិផ្ទុះនេះ ត្រូវធ្វើឡើង៣លើកក្នុង១សប្តាហ៍ និងធ្វើជាប្រចាំ ដើម្បីអោយបទល្មើសបង្ករបួសស្នាមមានការថយចុះ។ ដោយឡែកក្នុងឆ្នាំ២០១៦នេះ ការបរើប្រាស់អាវុធខុសច្បាប់មានការថយចុះច្រើន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥។

លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវិញ បានបញ្ជាក់ថា៖ ការចុះពិនិត្យជាតិអាល់កុលនៅពេលយប់ គឺក្នុងគោលបំណងកាត់បន្ថយការស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីបើកបរក្នុងស្ថានភាពស្រវឹងនៅពេលយប់ ហើយបើសិនជារកឃើញថា អ្នកបើកបរមានជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុង១មីលីលីត្រខ្យល់ឡើងទៅ គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្រោយពីការរឹតបណ្តឹងការត្រួតពិនិត្យជាតិអាល់កុលក្នុងពេលបើកបរឃើញថាអាត្រាអ្នកគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់មានការថយចុះជាងឆ្នាំកន្លងទៅ។
ដោយឡែកឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់កុំបើកបរក្នុងស្ថានភាពស្រវឹង កុំវ៉ាឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវចេះស្រឡាញ់អាយុជីវិតអ្នកដទៃស្មើជីវិតខ្លួនជាពិសេសគឺត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនទើបអាចកាត់បន្ថយបាននូវអាត្រាស្លាប់ និងរបួសដោយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ៕

 

ចំនួនអ្នកទស្សនា

    20577547

  • ថ្ងៃនេះ1561
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19941
  • ខែនេះ135091
  • ឆ្នាំនេះ135091
  • សរុប20577547