ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីបានប្រើហិង្សាក្នុងគ្រួសារ ក៏បែកធ្លាយរឿងកាលពីជាង១ឆ្នាំមុន ថាបានចាប់រំលោភកូនស្រីចុងរបស់ខ្លួនជាបន្តបន្ទាប់ក្នុងអំឡុង ខែមីនា និងខែមេសា ឆ្នាំ២០១៦ នៅស្រុកសាមគ្គីមានជ័យ ។បុរសសង្ស័យរូបនោះ មានឈ្មោះ ភឿន ផល អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ។ កាលពីជាង១៤ឆ្នាំមុនបុរសរូបនោះបានមកមានប្រពន្ឋជាស្ត្រីមេម៉ាយមានកូន២នាក់នៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នាជាង១០ឆ្នាំ បុរសរូបនោះតែងលួចប្រព្រឹត្តអំពើផ្តេសផ្តាសទៅលើកូនស្រីចុងរបស់ ខ្លួន
ដូចជាកាលអំឡុងនាងមានអាយុ១៤ឆ្នាំ ឪពុកចុងរូបនោះបានបៀតបៀនកេរ្តិ៍ខ្មាស់ម្តងហើយ តែកាលណោះម្តាយកុមារីរងគ្រោះបានដឹង ក៏និយាយណែនាំម្តងទៅ ។ ក្រោយមក ក្នុងអំឡុងឆ្នាំ២០១៤ និង២០១៥ ខណៈពេលកូនស្រីចុងនាងក្រមុំទៅហើយ បុរសរូបនោះបន្តធ្វើមកលើកូនស្រីចុងជាថ្មីទៀត ហើយបានដឹងដល់ម្តាយ ទើបស្ត្រីជាម្តាយនារីរងគ្រោះបានធ្វើការស្តីបន្ទោសជាខ្លាំង បុរសរូបនោះបានសំទោស សារភាពកំហុស និងសន្យាថា ឈប់ធ្វើបែបនេះទៀងហើយ កាលណោះដោយសារតែកុំឲ្យខ្មាស់ញាតិជិតខាង និងម្យ៉ាងក៏មិនទាន់ថ្លោះធ្លោយអ្វីដែរ ទើបសម្ងំលាក់ទុករឿងនោះបន្តទៀត ។
ស្រាប់តែនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បុរសរូបនោះឈ្លោះប្រកែកជាមួយប្រពន្ឋ និងកូនស្រី ហើយឈានដល់ប្រើអំពើហិង្សាទៅលើប្រពន្ឋ និងកូនស្រីចុង ទើបបែកធ្លាយរឿងឪពុកចុងរូបនោះធ្លាប់បានចាប់នាងកូនចុងរំលោភបាន សម្រេចជាច្រើនដង រហូតមានផ្ទៃពោះ ហើយគម្រាម និងបង្ខំឲ្យនាងរំលូតកូនចេញទៀត ទើបស្ត្រីជាម្តាយ និងកូនដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ។
នៅក្នុងពាក្យបណ្តឹង កូនស្រីចុងរងគ្រោះមានអាយុ២១ឆ្នាំបានរៀបរាប់ថា ក្នុងអំឡុងខែមីនា ឆ្នាំ២០១៦ ពេលម្តាយនាងមិននៅផ្ទះ គឺទៅធ្វើការនៅរោងចក្រ ឪពុកចុងនាងបានចាប់នាងរំលោភរហូតបានសម្រេចជាច្រើនដង ។ ក្រោយមកដោយដឹងថា នាងមានផ្ទៃពោះ ឪពុកចុងបានបង្ខំឲ្យនាងរំលូតកូនចេញ ដោយគាត់បានយកនាងមករំលូតកូននៅស្រុកកំពង់ត្រឡាច ហើយរឿងនេះម្តាយនាងមិនដឹងទេ ព្រោះបើនាងហ៊ានប្រាប់ ឪពុកចុងគំរាមសម្លាប់ចោល ។ ប៉ុន្តែដោយទ្រាំមិនបាន កាលពីថ្ងៃទី១០ ខែកក្កដានេះ ឪពុកចុងបានវាយធ្វើបាបម្តាយនាង និងនាងពេក ទើបនាងសម្រេចប្រាប់ម្តាយនាង ហើយពួកយើងបានដាក់ពាក្យប្តឹងតែម្តង ៕