ភ្នំពេញ ៖ បុរសម្នាក់ ដែលមានអាការៈមិនស្រួលខ្លួន ហើយសម្ងំដេកក្នុងបន្ទប់ជួល រហូតដល់គស្លាប់តែម្នាក់ឯង ដោយគ្មាននណាបានដឹង ត្រូវបានអ្នកជិតខាងប្រទះឃើញដោយបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នា ចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានអោយចុះមកធ្វើការពិនិត្យ មើលដល់កន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពី ព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្ទះជួលលេខ១០១ ក្រុម១ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចនគរបាលប៉ុស្ត៏ស្ទឹងមានជ័យ ដែលចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សុខ សុភក្ក្រ័ (ហៅព្រឺន)ភេទប្រុស អាយុប្រហែល២៥ ឆ្នាំ មុខរបរជាសន្តិសុខ ក្រុមហ៊ុន CISស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ដោយមានស្រុកកំណើតនៅភូមិជីរោលើ ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមទើបលែងលះប្រពន្ធបានតែ៣ខែ ប្រពន្ធធ្វើការរោងចក្រ បន្ទាប់ពីឃើញប្ដីស្លាប់ក៏ទួញយំសោកសង្រែងអាណិតរហូតដល់សន្លប់បាត់មាត់ ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលប៉ុស្ត៏ស្ទឹងមានជ័យសហការជាមួយនឹងនគរបាលជំនាញផ្នែក កោសល្យវិច្ឆ័យខណ្ឌចុះមកពិនិត្យសាកសពដល់កន្លែងកើតហេតុបានឲ្យដឹង ថាសាកសពជនរងគ្រោះខាងលើស្លាប់ដោយសារតែខ្យល់គ បណ្តាលឲ្យគាំងបេះដូង ។ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕