ខេត្តត្បូងឃ្មុំ ៖ កាណូតដឹកគ្រួសបង្កប់ឈើអារជាច្រើម៉ែត្រគូប ដែលគេស្គាល់ថាជារបស់ឈ្មួញដុះស្លែ ម្នាក់ឈ្មោះ ហាក់ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថ ព្រមទាំងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការបង្ក្រាប ចំណែកម្ចាស់ឈើរត់គេចខ្លួនបាត់។ ហើយសមត្ថកិច្ចអូសយកមកដាក់ច្រាំងទន្លេ ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ហើយព្រឹកថ្ងៃទី១៨ កក្កដា ២០១៦ ត្រូវបានប្រើគ្រឿងចក្រចូកគ្រួស ដើម្បីលើកឈើដាក់ឃ្លាំងធ្វើការវាស់វែង ។
មន្ត្រីអាវុធហត្ថមួយរូបសូមមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា កាណូតដឹកគ្រួសធុនធំនេះបានបើកចេ ញមកពីខេត្តក្រចេះចុះតាមខ្សែទឹកហូរទន្លេមេគង្គ កាលពីយប់អាធ្រាត្រឈានចូលព្រឹកថ្ងៃទី១៧ កក្កដា ក្នុងគោលបំណងយកទៅកាន់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ មន្ត្រីអាវុធហត្ថរូបនោះបន្តឲ្យដឹងទៀតថា តាមដំណឹងលេចឮថា កាណូតដឹកគ្រួស របស់ថៅកែឈ្មោះ ហាក់ មានបង្កប់ឈើអារប្រហែល២០ម៉ែត្រគូប ព្រមទាំងលាយជាមួយនឹងឈើប្រណិតប្រភេទសុក្រំ ថែមទៀត ដែលគេអារច្រៀកចេញជាដុំៗ ។
ជាមួយនោះថែមទាំងមានល្បីថា មានអ្នកកាសែតម្នាក់បានរត់ការកាណូតបង្កប់ឈើនេះ សង្ស័យរត់ការមិនស្អាតបែកការណ៍ហើយ ទើបត្រូវបានជំនាញរដ្ឋបាលព្រៃឈើ ចេញទៅបង្ក្រាបតែម្តងតែម្ចាស់គេចខ្លួន ។ ស្របពេលដែលកាណូតគ្រួស ត្រូវបានបង្ក្រាបរហូតមកដល់ព្រឹកថ្ងៃទី១៧ កក្កដា កម្មករម្នាក់នៅលើកាណូតបានលោតចូលទៅក្នុងទឹកទន្លេ នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ រត់គេចខ្លួនបាត់តែម្តង ។ កាណូតដឹកគ្រួសនេះបានដឹកគ្រួសបង្កប់ឈើអារយកមក ពីស្រុកលើរាប់ភ្លេចមកហើយ ដោយកម្រនឹងមានអ្នកណាដឹង គឺគេដឹងស្ងាត់ៗ តែពីរបីនាក់ប៉ុណ្ណោះ។
លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ប្រាប់ឲ្យដឹងដែរថា ស្របពេលដែលកាណូត ដឹកគ្រួសខាងលើបានចុះមកដល់ត្រង់ចំណុចជីរោទិ៍ កម្លាំងរដ្ឋបាលព្រៃឈើបានបើកកាណូតតាមពីក្រោយ ស្របពេលដែលឆ្លងកាត់ក្រោមស្ពានគីហ្ស៊ុណា ដល់ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ត្រូវបានកៀងឲ្យ ចូលច្រាំងទន្លេ ដើម្បីធ្វើការត្រួតពិនិត្យ ។ ជាមួយនោះរូបលោកច្រានចោល ជុំវិញការដែលលេចឮថា បម្រុងនឹងដោះលែងកាណូតដឹកគ្រួសមិនពិតឡើយ ។ ការយឺតយ៉ាវរកអ្នកបើកកាណូតមិនបាន ដោយសារតែខ្វះជំនាញ ហើយនៅព្រឹកថ្ងៃទី១៨កក្កដានេះ រូបលោកនឹងធ្វើការកាយគ្រួសចេញ ដើម្បីឲ្យដឹងពី បរិមាណឈើពិតប្រាកដ និងត្រូវបំពេញបែបបទកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ៕