ខេត្តរតនគិរី៖ព្រៃសហគមន៍ ព្រមទាំងព្រៃបំរុងទុករបស់រដ្ឋ ត្រូវបានគេព្រួយបារម្ភថានឹងរលាយហិនហោច ខណៈពេលគេឃើញ រថយន្តស្តារិច កែច្នៃដឹកឈើសុក្រំ ស្ទើរតែរាងរាល់យប់ចូលក្រុងបានលុង ពុំមានជំនាញ ឬ សមត្ថកិច្ចបង្ក្រាបនោះ។
ជាក់ស្ដែងនៅព្រលប់ ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៦ នេះ រថយន្តម៉ាកស្តារិចកែច្នៃមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ.2AC.4012 ដឹកឈើសុក្រំពេញ ចេញពីភូមិតើន ឃុំតើន ស្រុកកូនមុំ ខេត្តរតនគីរី ចូលក្រុងបានលុង ដោយរលូន ពុំមានសមត្ថកិច្ច ឬជំនាញមើលឃើញនោះទេ។ រថយន្តដឹកឈើសុក្រំនោះ ត្រូវបានគេស្គាល់ថា ជារថយន្តរបស់លោក ផែន ចាន់វិបុល ហៅឆើត ជាមន្តីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការខេត្ត។
បើយោងតាមប្រភព័ត៌មានពីប្រជាពលរដ្ឋនៅភូមិតើននោះថា ឈើសុក្រំនេះ ត្រូវបានលោកនគបាលខាងលើ ដាក់កម្លាំង និងម៉ាស៊ីនត្រង់ស៊ណ័រ ចូលព្រៃបំរុងទុក និងព្រៃសហគមន៍ ភូមិតើន ផែពុះ ច្រៀកចេញជាឈើប្រភេទក្ដារងឿ ហើយដឹកដោយរថយន្តកែច្នៃ (គោយន្ត) ចេញពីព្រៃ ចូលភូមិ ទើបលើកដាក់រថយន្តស្តារិចកែច្នៃ ដឹកបន្តចូលក្រុងបានលុង។ជុំវិញករណីខាងលើនេះ លោក ផែន វិបុល ហៅ ឆើត ថា រថយន្តដឹកឈើខាងលើ ពិតជារថយន្តរបស់លោកមែន គឺលោកដឹកយកទៅធ្វើផ្ទះ នៅភូមិថ្មី។
បើទោះជាយ៉ាងណា មជ្ឈដ្ឋានទូទៅបានរិះគន់ថា ការដឹកឈើ យកទៅធ្វើផ្ទះ របស់លោកមន្ត្រីប៉ូលិស អាចដឹកបានម៉ាស៊េរី មិនថាការកាប់ឈើបំផ្លាញឈើពីព្រៃហាមឃាត់យ៉ាងណានោះទេ ហើយមិនបាច់មានអាជ្ញាប័ណ្ណ ឬ មានច្បាប់ទំលាប់អ្វីនោះទេ៕