រាជធានីភ្នំពេញ ៖ ស្ត្រីវ័យជិត៤០ឆ្នាំម្នាក់បានរងទុក្ខវេទនាម្នាក់ឯង ខណៈដែលនាងមានប្ដីមានវ័យក្មេងជាងហើយគ្មានចិត្តស្មោះត្រង់ និងគ្មានធម៌មេត្តាចំពោះរូបនាងទាល់តែសោះ ដែលក្រោយពីចាប់ដៃគ្នាជាប្ដីប្រពន្ធរហូតនាងមានផ្ទៃពោះជិតគ្រប់ ខែ លោកប្ដីរូបនោះបានលួចផិតក្បត់ទៅមានស្រីថ្មីទៀត។ មិនតែប៉ុណ្ណោះបានដាច់ចិត្តនាំស្រីក្មេងនោះរត់ចោលរូបនាងទាំង គ្មានអាល័យ ទុកឲ្យនាងរស់នៅក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង។
នៅចុងក្រោយនេះ ខណៈគ្រប់ខែត្រូវសម្រាលកូនស្រាប់តែមានអាការៈ ឈឺចុកណែនក្នុងពោះ និងមានធ្លាក់ឈាមជាច្រើនផង ហើយរយៈពេលជាង៤ម៉ោងទើបត្រូវបានអ្នកជិតខាងដឹងហើយនាំគ្នាជួយយក អសារដោយបានរៃលុយគ្នា បានចំនួន៥០ដុល្លារ និងបានហៅរថយន្តពេទ្យដឹកនាងទៅសង្គ្រោះ ហើយកូនបានកើតមកហើយប៉ុន្តែជាអកុសល កូននោះបានស្លាប់បាត់ទៅហើយ ឯរូបនាងក៏មានសុខភាពមិនសូវល្អដែរ។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះខាងលើនោះត្រូវបានគេស្គាល់ ឈ្មោះ សួន ថាវី អាយុ៣៩ឆ្នាំ មុខរបរ ដើរស៊ីឈ្នួលធ្វើការតាមផ្ទះឲ្យគេដូចជា បោកគក់សម្លៀកបំពាក់ និងលាងចានឆ្នាំងឲ្យគេ។
នាងបានស្នាក់នៅបន្ទប់ផ្ទះជួលខាងលើ និងមានស្រុកកំណើត នៅក្នុងភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ដោយឡែកប្តីដែលរត់ចោលនាងនោះ ឈ្មោះ សាយ សារុំ អាយុ៣៥ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន មានស្រុកកំណើតនៅក្នុង ភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ដោយការឈឺចាប់ក្នុងពោះនិងមានអាការៈខ្សោយផងនោះនាងរងគ្រោះខាងលើ មិនអាចនិយាយបានច្រើនោះឡើយ និងមិនបានប្រាប់ថារវាងរូបនាង និងប្ដីហេងស៊យម្នាក់នោះ ចាប់ដៃគ្នាជាប្ដីប្រពន្ធរយៈពេលប៉ុន្មានឆ្នាំមកហើយ និងបានរៀបការដែរឬអត់នោះទេ។
ប៉ុន្តែអ្នកភូមិបាននិយាយថា នាងម្នាក់នោះគឺជាក្រមុំចាស់ មានប្ដីអាយុក្មេងជាងខ្លួន៥ឆ្នាំ ហើយនាងមានផ្ទៃពោះកូនដំបូងផង និងត្រូវប្តីរត់ចោលទៅយកស្រីក្មេងម្នាក់ទៀត នៅពេលដែលដឹងថានាងមានផ្ទៃពោះជិតគ្រប់ខែ។ ក្រោយគ្មានទីពឹងនាងបាន ចាប់យកមុខរបរដើរស៊ីឈ្នួល បាកគក់សម្លៀកបំពាក់ និងលាងខានឆ្នាំងឲ្យអ្នកភូមិ បានប្រាក់បន្តិចបន្តួច ទិញបាយហូបក្នុងស្ថានភាពវេទនាបំផុត ចំណែកម្ចាស់ផ្ទះជួល មានការសន្ដោសប្រោសប្រណី មិនបានយកថ្លៃឈ្នូលផ្ទះនោះឡើយ។
ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃកើតហេតុនាងបានចាប់ផ្ដើម ឈឺពោះតាំងពីវេលាម៉ោង ប្រមាណ២ រសៀលឯណោះ ប៉ុន្តែមិនមាននរណាបានដឹងនោះឡើយ ដោយនាងស្ថិតនៅក្នុងបន្ទប់ម្នាក់ឯង ហើយរហូត ដល់វេលាម៉ោង៦និង១៥នាទីល្ងាច ទើបដឹងមានការភ្ញាក់ផ្អើល ហើយខណៈនោះនាងមានអាការៈ ខ្សោយកម្លាំងណាស់ទៅហើយ។ បន្ទាប់ពីបានដឹងពួកគាត់ដែលជាអ្នករស់នៅក្បែរខាង បាននាំគ្នារៃប្រាក់ បានមួយចំនួនជួយនាង និងបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកនាងទៅកាន់មន្ទីរពេទ្យ បន្ទាប់មកនាងបាន សម្រាលកូនរួច ប៉ុន្តែកូនដែលកើតមកនោះ បានស្លាប់ទៅវិញ៕