ខេត្តកណ្ដាល ៖ ភ្លៀងធ្លាក់១មេលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានបណ្ដាលឲ្យ បុរសម្នាក់របួសធ្ងន់ធ្ងរ ងាប់គោ២ក្បាល ដោយសារ រន្ទះបាញ់ និងប៉ើងដំបូលផ្ទះចំនួន៧ខ្នងផងដែរ នៅក្នុងឃុំចំនួន៤ របស់ស្រុកអង្គស្នួល ខេត្តកណ្ដាល។ តាមរបាយការណ៍នគរបាល ស្រុកអង្គស្នួលបានឲ្យដឹងថា ឃុំទាំង៥ដែលរងគ្រោះដោយសារគ្រោះ ធម្មជាតិខាងលើនោះមាន ១-ភូមិដំណាក់អំពិល ស្ថិតក្នុងឃុំដំណាក់អំពិល រន្ទះបាញ់បណ្ដាលឲ្យគោឈ្មោលងាប់១ក្បាល ខណៈពេលដែលម្ចាស់ចង់ឲ្យស៊ីស្មៅ នៅកណ្ដាលវាលស្រែ។
ម្ចាស់គោនោះមានឈ្នោះ ស៊ុក សឿន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិខាងលើ។ ២-ភូមិត្រពាំងកក់ ឃុំសំរោងលើរន្ទះបាញ់គោបណ្ដាលឲ្យងាប់១ក្បាលដែរ នៅចំណុចវាលក្បែរភូមិខាងលើ ហើយម្ចាស់គោត្រូវបានស្គាល់ ឈ្មោះ កង ជុន ភេទប្រុស៤៧ឆ្នាំ ជាកសិករដែលរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ដោយឡែកបុរសម្នាក់ទៀត ដែលជាអ្នកភូមិត្រពាំងកក់ ឃុំសំរោងលើនោះ ក៏ត្រូវរន្ទះបាញ់ដែរ ប៉ុន្តែមិនស្លាប់ គ្រាន់តែរងរបួសជើងធ្ងន់ធ្ងរ ក្នុងខណៈពេលដែលគាត់កំពុងធ្វើដំណើរពេលកំពុងភ្លៀងនោះ។ បុរសរងគ្រោះនោះឈ្មោះ សាក់ ភន អាយុ៣៥ឆ្នាំ។
ប្រភពដដែលបានបន្តថា ទី៣-នៅក្នុងភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់មានភ្លៀងលាយដោយខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យរបើកដំបូលផ្ទះក្បឿងរួមនឹងដំបូលស្នាក់ការគណៈបក្សឃុំ ចំនួន០៥ខ្នង ប៉ុន្តែមិនបានបណ្ដាល ឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះឡើយ។ ៤-ភូមិព្រៃក្រាយ ឃុំព្រៃពួច ភ្លៀងនិងខ្យល់កន្ត្រាក់ខ្លាំងបណ្តាលឲ្យរបើក ដំបូលផ្ទះ២ខ្នង ហើយម្ចាស់ផ្ទះទាំងពីរខ្នងនោះ ត្រូវបានគេស្គាល់ទី១,ឈ្មោះ សុខ វណ្ណខេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីនគរបាល របើកដំបូលក្បឿងអស់មួយចំនួន។ ទី២.ឈ្មោះ ជុំ មីន ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរកសិករ របើកសង្ក័សី អស់ចំនួន៣០សន្លឹក។
នេះគឺជាគ្រោះធម្មជាតិ ដែលបានកើតឡើងនៅគ្រប់ពេល ដូច្នេះគួរតែបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសបងប្អូនប្រជាកសិករ ដែលតែងតែទៅដកស្ទូងនៅតាមស្រែតែម្ដង៕