ព្រះវិហារ៖សមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើគូលែនបានស្ទាក់ចាប់រថយន្តទំនើបចំនួនពីរគ្រឿងពាក់ស្លាកលេខ .ខ.ម.មួយគ្រឿងដែលដឹកឈើក្រញូងពេញៗចេញពីស្រុកជាំក្សាន្តតាម បណ្តោយផ្លូវជាតិលេខ៦២នៅចំណុចភូមិស្រយ៉ង់ត្បូងស្រុកគូលែន ខេត្តព្រះវិហារកាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាក្នុងប្រតិបត្តិការនេះដឹកនាំដោយ លោកពេជ្របូរិននាយសង្កាត់រដ្ឋបាព្រៃឈើគូលែនសហការជាមួយលោកស៊ី សុគន្ធានាយការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តស្ទាក់ចាប់បានរថយន្ត មួយគ្រឿងនៅចំណុចភូមិស្រយ៉ង់ត្បូងដោយពួកគេដឹកឈើក្រញូងចេញពីស្រុក ជាំក្សាន្ត។រថយន្តនេះពាក់ស្លាកលេខខេមរភូមិន្ទ01-2-9204ពណ៍ ទឹកប្រាក់ផ្ទុកឈើក្រាក់ក្រញូងចំនួន១២៩ដុំស្មើនឹង៤៥៨គីឡូក្រាម។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស៣៣០បើកបរតាមបណ្តោយផ្លូវជាតិ លេខ៦២ មកដល់ទីរួមខេត្តព្រះវិហារបាន ចូលតាមបណ្តោយផ្លូវជាតិលេខ៩ព្រះវិហារ- ស្ទឹងត្រែង។លុះមកដល់ចំណុចស្រុកឆែប ត្រូវបានលោក សេង លាង នាយសង្កាត់រដ្ឋបាលព្រៃឈើឆែប សហការជាមួយនគរបាលសេដ្ឋកិច្ចខេត្តស្ទាក់ចាប់បាន។ រថយន្តល្មើសម៉ាកឡិចស៊ីស ៣៣០ ពណ៍ទឹកមាសពាក់ផ្លាកលេខ ភ្នំពេញ 2AG 8086 ផ្ទុកឈើក្រញូងចំនួន៥៨ដុំ ស្មើនឹង៦៦០គីឡូក្រាម។ វត្ថុតាង មានរថយន្តចំនួនពីរគ្រឿង រួមទាំងឈើក្រញូងត្រូវបានដឹកយកវាស់វែងនៅខណ្ឌ័រដ្ឋបាលព្រៃឈើ ព្រះវិហារដើម្បីចាត់ការទៅតាមនិតិវិធី។
ក្នុងការបង្ក្រាប បទល្មើសលោកពេជ្រ បូរិននាយសង្កាត់រដ្ឋបាព្រៃឈើគូលែន បានឲ្យដឹងថា ពួកអ្នកបើករថយន្តដឹកបទល្មើស ជក់គ្រឿងញៀន បើកលឿន ពេលសមត្ថកិច្ចឃាត់ត្រួតពិនិត្យ ពួកគេលោតរត់ចោលរថយន្ត ពេលខ្លះត្រូវបានរថយន្តបុកបារ៉ាស់សមត្ថកិច្ចទៀតផង។លោក សេង លាងនាយសង្កាត់រដ្ឋបាលព្រៃឈើឆែបបានឲ្យដឹងថា រថយន្តខាងលើ ដោយមានបញ្ជាពីលោក អ៊ិន ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នឹងអនុវត្តន៍ទៅតាមបទបញ្ជាលេខ០២ របស់រាជរដ្ឋាភិបាល ស្តីពីការបង្ក្រាបរាល់ដឹកជញ្ជូនបទល្មើសព្រៃឈើគ្រប់ប្រភេទ យប់មិញនេះដោយទទួលបានព័ត៌មានសម្ងាត់រាយការណ៍ថា មានរថយន្តដឹកឈើយកទៅលក់នៅប្រទេសវៀតណាម ឆ្លងកាត់ស្រុកឆែប ទើបលោកដឹកនាំកម្លាំងពួនស្ទាក់ចាំចាប់នៅវេលាម៉ោងខាងលើ។
រថយន្ត មុខសញ្ញាមកដល់ពេលនោះកម្លាំងសមត្ថកិច្ចបានឲ្យសញ្ញាដល់រថយន្តឈប់ តែម្ចាស់រថយន្តបានបើកទ្វាររត់បាត់ស្រមោល។ បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ត្រូវបានរៀបចំបែបបទចាត់ការទៅតាមនិតិវិធីច្បាប់៕