ខេត្តព្រះវិហារ ៖ ជនសង្ស័យម្នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១៩ កក្កដា ២០១៦ ពាក់ព័ន្ធករណីមនុស្សឃាតលើបងថ្លៃ កាលពីថ្ងៃទី១០ កក្កដា ២០១៦ កន្លងទៅ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ជនសង្ស័យខាងលើឈ្មោះតឿន តុំ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះ
វិហារ ។
បើតាមការឱ្យដឹងពីសមត្ថកិច្ចថា ជនសង្ស័យបានសម្លាប់បងថ្លៃឈ្មោះសៅ សឿត ភេទប្រុស អាយុ៤២ឆ្នាំ ក្នុងវង់ផឹកស៊ីមួយនៅរោងចម្ការរបស់បងថ្លៃនោះ ។ ការទាស់ទែងសម្តីគ្នាឈានរហូតឈ្លោះមិនឈប់ ហើយត្រូវជនសង្ស័យ ទាញកាំភ្លើងច្នៃបាញ់ទៅលើបងថ្លៃចំបំពង់.កស្លាប់ភ្លាមៗ រួចរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពបន្តថា ជនសង្ស័យខាងលើបានទៅលាក់ខ្លួននៅផ្ទះម្តាយមីង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រយៈពេល៥ថ្ងៃ ក៏ត្រូវកម្លាំងស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន ដល់ថ្ងៃទី១៥ កក្កដា ក៏ឃាត់ខ្លួនបានតែម្តងនៅផ្ទះម្តាយមីងនោះ ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានសម្លាប់បងថ្លៃពិតប្រាកដមែន ដោយមុនពេលកើតហេតុ បងថ្លៃបានបបួលខ្លួនមកផឹកស្រាជាមួយគ្នានៅខ្ទមចម្ការ ពេលដែលខ្លួនមកដល់ ក៏ឃើញគ្នីគ្នាបងថ្លៃ៣នាក់កំពុងអង្គុយផឹកស្រាលើខ្ទមនោះដែរ។
លុះផឹកស្រាអស់កន្លះដប ខ្លួននិយាយដៀលទៅបងថ្លៃថា មិនចេះអក្សរនៅចំពោះមុខមិត្តភក្តិរបស់បងថ្លៃ ធ្វើឱ្យបងថ្លៃខឹង ក៏ប្រកែកគ្នាជាមួយខ្លួនច្រំដែលៗពេក ខ្លួនទ្រាំមិនបានក៏ទាញកាំភ្លើងកែច្នៃ បាញ់ទៅលើបងថ្លៃចំបំពង់.កស្លាប់ភ្លាម ហើយខ្លួនក៏គេចទៅ រីឯមិត្តភក្តិបងថ្លៃ ក៏រត់ទៅផ្ទះរៀងៗខ្លួន ។