ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់អាយុ២២ឆ្នាំមានកូនទៅ០៣នាក់ ហើយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ វេលាម៉ោង១០និង៣០នាទីព្រឹក បានខឹងប្ដី ពេលប្រើប្តីឲ្យទៅលើកភ្លឺស្រែទប់ទឹកមិនព្រមទៅនាងបានសម្រេចចិត្ត គិតខ្លីចងកសម្លាប់ខ្លួនចោលប្ដី និងកូនតែម្ដង។ ករណីអត្តឃាតនេះបានកើតឡើងនៅក្នុងផ្ទះរបស់ជនរងគ្រោះដែលស្ថិតនៅ ភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។ លោកវរសេនីយ៍ទោ វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ង៉ែត ដា អាយុ២២ឆ្នាំ មានកូនស្រីចំនួន០៣នាក់ ក្នុងនោះកូនភ្លោះ០២នាក់ និងប្ដីឈ្មោះមាន និត្យ អាយុ២២ឆ្នាំដូចគ្នា។
នាងបានចងកនឹងក្រមាជាប់នឹងធ្នឹមផ្ទះ ពាក់អាវក្រហម ស្លៀកសារ៉ុង។ តាមការសាកសួរបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩នៅស្រុកភ្នំក្រវាញមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ដែលមានទឹកដក់នៅតាមស្រែ។ ព្រឹកឡើងប្រពន្ធបានប្រើប្ដីឲ្យទៅលើកភ្លឺទប់ទឹកកុំឲ្យហូរចេញ តែបុរសជាប្ដីមិនព្រមទៅទាល់តែសោះទោះបីនាងប្រើ៣ទៅ៤ដងក៏ដោយ។ ដោយសារប្រើមិនទៅបែបនេះហើយទំនងជានាងខឹងផង ស្រាប់តែនៅវេលាម៉ោង១០និង៣០នាទីព្រឹកក៏ឃើញចងកលើផ្ទះស្លាប់តែ ម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសពបញ្ជាក់ថាពិតជា ស្លាប់ដោយចងកប្រាកដមែន៕