ខេត្តព្រះសីហនុ ៖ កូនគ្រែងឈាមប្រភេទតូចល្អិតជិត២០០គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ យកទៅលែងនៅក្នុងដែននេសាទសមុទ្រកោះខ្យងនាព្រឹកថ្ងៃទី១៩ កក្កដា ២០១៦នេះ បន្ទាប់ពីកូនគ្រែងទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះសីហ នុ ធ្វើការបង្ក្រាបបានពីឈ្មួញដឹកតាមរយន្តមួយគ្រឿង ដែលកំពុងនាំចេញពីតំបន់នោះនាល្ងាចថ្ងៃទី១៨ កក្កដា មុនការលែងនេះមួយថ្ងៃ។
ការលែងនោះត្រូវបានគេសង្កេតឃើញមានការចូលរួមពីសំណាក់លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ រួមទាំងមន្ត្រីជំនាញជលផល និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។ តាមមន្ត្រីជលផលបានឲ្យដឹងថា កូនគ្រែងឈាមដែលបានបង្ក្រាប ហើយកមកលែងនេះគឺជាកូនគ្រែងប្រភេទតូចល្អិត ប្រមាណជាពី២.៥០០ទៅ៣.០០០គ្របក្នុង១គីឡូក្រាម មានចំនួនសរុប១៩១គីឡូក្រាម (ថ្លឹងទាំងកាកមិនទាន់រើស) ត្រូវបានគេដឹកតាមរថយន្តមួយគ្រឿងម៉ាកធុនត្រាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AG-0607 បម្រុងនាំចេញ តែត្រូវបានកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះសីហនុ ចុះធ្វើកាបង្ក្រាបបាន លុះព្រឹកឡើងទើបយកមកលែងនៅក្នុងតំបន់សមុទ្រកោះខ្យង ដែលជាទីតាំងដែននេសាទ។
ពាក់ព័ន្ធកូនក្រែងឈាមនៅក្នុងតំបន់កោះខ្យងនេះ កន្លងមកមានសេចក្តីរាយការណ៍ថា មានការដឹកនាំចេញនៅកូនគ្រែងស្ទើររាល់យប់ពីសំណាក់ឈ្មួញដែលមាន ទីតាំងរស់នៅក្នុងតំបន់នោះ ដោយមិនមានការបង្ក្រាបឡើយ ហើយបើតាមប្រភពមួយក្រៅផ្លូវការណ៍បានបង្ហើបឲ្យដឹងថា ការបង្ក្រាបនេះ បន្ទាប់ពីមានបែករឿងលូចដឹកកូនគ្រែងនេះ លេចឮដល់ អភិបាលខេត្ត ហើយលោកបានបញ្ជាឲ្យអាជ្ញាធរមានការយកចិត្តទុកដាក់ពីបញ្ហានេះ តែទោះបីយ៉ាងណាកាបង្ក្រាបនេះ គឺគ្រាន់តែមួយចំណិតតូចតែប៉ុណ្ណោះ សម្រាប់បទល្មើសកូនគ្រែងដែលបានកើតឡើងនៅតំបន់កោះខ្យងនោះកន្លងមក ។
ជាមួយនឹងបញ្ហានេះ ប្រភពមួយទៀតបានបន្តថា នៅតំបន់កោះខ្យងបច្ចុប្បន្ន កំពុងតែបែកប្រហុកបែកម៉ាំ ពីសំណាក់អ្នករកស៊ី នៅក្នុងតំបន់នោះ ជើងខ្លាំងទាំង៤នាក់អាចនិយាយបានថាខ្លា៤ កំពុងដណ្តើមចំណីគ្នាតាមរបៀបកាច់កុង ហើយរឿងនេះក៏មិនមែនទើបនឹងកើតដែរ គឺបានកើតជាយូមកហើយជាពិសេសផ្ទុះពេលរដូវកូនគ្រែងនេះតែម្តង នាំឲ្យមានការច្រណែនគ្នាទៅវិញទៅមកមិនចេះចប់មិនចេះហើយ ដូចជាកាបង្ក្រាបរហូតមានពាក្យថា អាកន្លងមកដឹកទាំងតូរីសៗ មិនចាប់មកចាប់អាថ្លឹងទាំងកាកមិនបាន២០០គីឡូផង៕