នាយឧត្តមសេនីយ៍ ឈុំ សុជាតិ៖ យោធាបានរកឃើញអត្តសញ្ញាណជនប្រកាសធ្វើរដ្ឋប្រហារ ហើយកំពុងតាមចាប់ខ្លួន នៅភាគខាងលិច

20-July-2016 | ដោយ មែន កំសត់

 

 ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវរយៈពេល១ថ្ងៃ ក្រសួងការពារជាតិ បានរកឃើញអត្តសញ្ញាណជនដែលប្រកាសធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាហើយ ដោយពេលនេះកំពុងតាមចាប់ខ្លួននៅភាគខាងលិច។ នេះបើតាមការឱ្យដឹងពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅប៉ុន្មាននាទីមុនេះ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ឈុំ សុជាតិ ពុំបានបង្ហើបប្រាប់អំពីឈ្មោះ និងទីកន្លែង ដែលជនប្រកាសធ្វើរដ្ឋប្រហារកំពុងរស់នៅនោះទេ ដោយគ្រាន់តែបញ្ជាក់ថា អត្តសញ្ញាណនឹងបង្ហាញនៅពេលដែល កម្លាំងកងទ័ពចាប់ខ្លួនជននោះបាន នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ដែលអះអាងថារូបគេស្ថិតនៅក្នុងអង្គភាពទិសនិរតី បានចេញមុខប្រកាសជាលក្ខណៈចំហរ តាមបណ្តាញសង្គម Facebook និង Youtube ដោយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័ននានា ត្រៀមខ្លួនចូលរួមផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលដ៏ខ្លីខាងមុខនេះ។

បុរសដែលមានរូបរបស់ខ្លួនជាច្រើនសន្លឹកនៅក្នុងគណនី Facebook ឈ្មោះ « Vichea Som» នោះបានថ្លែងការណ៍តាមវីដេអូរបស់ខ្លួនថា «យើងខ្ញុំតំណាងឱ្យអង្គភាពភូមិភាគទិសនិរតី សូមប្រកាសព័ត៌មានដល់បណ្តាអង្គភាព និងក្រសួងទូទាំងប្រទេសកម្ពុជា ឱ្យបានជ្រាបថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ សូមកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនឱ្យបានមុនជាស្រេច ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន និងយួនកុម្មុយនីស្ត»

សមត្ថកិច្ចបានចាត់ទុកថា នេះគឺជាការញុះញ៉ុង និងមានចរិតជាលក្ខណៈកុប្បកម្ម បះបោដោយហិង្សា ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។ កាលពីម្សិលមិញ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានស្វែងរកចាប់ខ្លួនជនសង្ស័យ និងបក្ខពួក ដែលបានប្រកាសអំពីការប្រើប្រាស់កម្លាំង ក្នុងការផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់តាមរយៈបណ្តាញសង្គម Facebook និង Youtube នេះផងដែរ៕

 

ចំនួនអ្នកទស្សនា

    20577947

  • ថ្ងៃនេះ1961
  • ម្សិលមិញ6261
  • សប្តាហ៍នេះ20341
  • ខែនេះ135491
  • ឆ្នាំនេះ135491
  • សរុប20577947