ស្ទឹងត្រែង៖ បុរសជនជាតិដើមភាគតិចកាវែតម្នាក់បានស្លាប់ បន្ទាប់ពីផ្ទុះកាំភ្លើងធុនវែង ប្រភេទអាការត្រូវខ្លួនឯង។ ហេតុការណ៍នោះ បានកើតឡើងនៅភូមិគិរីវង្សា ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៦។
លោកវ៉ាសុផាន់អធិការនគរបាលស្រុកសៀមប៉ាងបានប្រាប់រស្មីកម្ពុជា ឱ្យដឹងថាជនរងគ្រោះឈ្មោះខយ៉ អាយុ៥៤ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ឆ្ងាយពីទីរួមស្រុកសៀមប៉ាងជិត៣០គីឡូម៉ែត្រ។ លោកថានៅទីនោះមានតែផ្ទះប្រជាពលរដ្ឋបីគ្រួសារប៉ុណ្ណោះ ហើយប្រមូលផ្តុំដោយជនជាតិដើមភាគតិចកាវែត។
លោកវ៉ាសុផាន់បាននិយាយឱ្យដឹងទៀតថាពេលសមត្ថកិច្ចទទួលបានដំណឹងនោះ ហើយក៍ចុះទៅពិនិត្យសាកសព។ តែមនុស្សក្នុងភូមិទាំងអស់រត់ចេញពីភូមិរួមទាំងប្រពន្ធជនរងគ្រោះអត់ មានសល់ម្នាក់។ មនុស្សក្នុងភូមិរួមទាំងភរិយាសពមិនបានបញ្ជាក់ពីមូលហេតុ ច្បាស់លាស់អំពីរឿងរាវដែលបានកើតឡើងនោះឡើយដោយសារពួកគេ ស្តាប់តាមមេកន្ត្រាញជនជាតិកាវែត។ ប៉ុន្តែសមត្ថកិច្ចបានពិនិត្យ សាកសពនៅផ្ទះជនរងគ្រោះហើយសន្និដ្ឋានថាជននោះអាចកាន់កាំភ្លើងហើយ អោនក្បាលមើលចុងកាណុង។ខណៈនោះចៃដន្យកាំភ្លើងបានផ្ទុះឡើងត្រូវចំលើ ចិញ្ចើមរយៈធ្លាយខួរក្បាលស្លាប់មួយរំពេច។
លោកអធិការនគរបាលស្រុកសៀមប៉ាងបានឱ្យដឹងថា ក្រោយពីបុរសនោះស្លាប់ ដោយសាររាលកៃកាំភ្លើងមនុស្សក្នុងភូមិបានភៀសខ្លួន ចេញពីក្នុងភូមិនោះគឺជាទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិច។ ក្រោយពីសមត្ថកិច្ចចុះទៅដល់ទើបហៅ ប្រពន្ធកូន រួមទាំងអ្នកភូមិមកធ្វើបុណ្យ តាមប្រពៃណីជនជាតិភាគតិចកាវែត និងធ្វើការអប់រំណែនាំដល់ពួកគាត់។
ប្រវត្តិជនរងគ្រោះកាលពីមុនធ្លាប់ធ្វើជាទាហាន ហើយបន្សល់លាក់ទុកកាំភ្លើងវែងប្រភេទអាការមួយដើម ផលិតនៅប្រទេសសូវៀត ។ កាំភ្លើងមួយដើមនេះគ្មានលេខគឺមានសភាពចាស់ ទៅហើយ។នៅក្នុងបង់នោះមានតែពីរគ្រាប់ប៉ុណ្ណោះគឺផ្ទុះមួយគ្រាប់ នៅសល់មួយគ្រាប់៕