រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីបាញ់គ្រាប់កង់១ដើម ព្រោះខឹងខ្ចីលុយពីបុរសម្នាក់ទៀត ដែលជាអ្នកស្រុកភូមិជាមួយគ្នា មិនបានមានកំហឹងក្នុងខ្លួន ហើយឆ្លៀតពេលដែល បុរសនោះចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹក ជនសង្ស័យខាងលើ បានធ្វើសកម្មភាព លួចទូរស័ព្ទដៃ១គ្រឿង ហើយបានគេចខ្លួនបាត់។ លុះបាន២ថ្ងៃក្រោយមក ត្រូវម្ចាស់ប្រទះឃើញ មិនមានបំណងប្ដឹងនគរបាលទេ ព្រោះយល់ថាជាអ្នករស់នៅក្នុងស្រុកភូមិជាមួយគ្នា ជនរងគ្រោះគ្រាន់តែសួរនាំជននោះដើម្បីសុំយកទូរស័ព្ទមកវិញ ប៉ុណ្ណោះ។
ប៉ុន្តែជននោះបានឆ្លើយយ៉ាងខែងថា អញលួចមែន តើឯងចង់ធ្វើអីអញ បើឯងខ្លាំង អញចង់លួចទាំងម៉ូតូឯងទៀតក៏បានដែរ។ ដោយសារតែពាក្យសម្ដីគំរាមលួចមិនឈប់បែបនេះទើបជនរងគ្រោះ សម្រេចចិត្តប្ដឹង ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅធ្វើការឃាត់ខ្លួន។ ព្រមទាំងដកហូតបានកាំភ្លើងខ្លី បាញ់គ្រាប់កង់១ដើមនោះផងដែរ កាំភ្លើងនោះជាកាំភ្លើងដែក មិនមែនជ័រទេមានទម្ងន់ស្មើនឹងកាំភ្លើងម៉ាកកា៥៩ដែរ ចំណែកទូរស័ព្ទបាត់រកមិនឃើញឡើយ សង្ស័យជននោះលក់បាត់ហើយ។ ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ស្ថិតនៅទល់មុខរោងចក្រកាត់ដេរ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យ ឈ្មោះ សេង សចិន អាយុ៤២ឆ្នាំមុខរបរស៊ីឈ្នួល អារឈើឲ្យគេនៅក្នុងខេត្តក្រចេះ ស្នាក់នៅជាមួយក្មួយ នៅផ្ទះជួលម្ដុំរោងចក្រកាត់ដេរ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត នៅក្នុងភូមិពករុន ឃុំពោធិ៍ចម្រើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះឈ្មោះ សុខ មាន អាយុ២៨ឆ្នាំ មុខរបរលក់ដូរស្នាក់នៅកាណាឌីយ៉ា មានស្រុកកំណើតនៅក្នុងភូមិជាមួយគ្នា បាត់បង់ទូរស័ព្ទដៃ១គ្រឿងម៉ាកអាយហ្វូន៥។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា នៅមុនពេលចាប់ខ្លួន២ថ្ងៃ ជនសង្ស័យខាងលើបានទៅខ្ចីលុយជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនឲ្យ ព្រោះជននោះមានចរិតថោក តែបានខ្ចីហើយមិនដែលសងគេវិញទេ។ បន្ទាប់ពីខ្ចីលុយមិនបានបែបនេះ បានធ្វើឲ្យជននោះមានកំហឹងចងគំនុំ ហើយឆ្លៀតពេលដែលជនរងគ្រោះ ចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹក ទុកទូរស័ព្ទនៅក្នុងបន្ទប់ ស្រាប់តែជនសង្ស័យចូលទៅធ្វើសកម្មភាព លួចយកគេចខ្លួន ហើយជនរងគ្រោះបានឃើញ និងតាមដែរប៉ុន្តែតាមមិនទាន់ ជននោះក៏គេចបាត់ដោយសុវត្ថិភាព។
បន្ទាប់មកជនរងគ្រោះបានតាមរកគ្រប់ច្រកល្ហក ប៉ុន្តែមិនបានឃើញនោះឡើយ រហូតមកដល់ថ្ងៃទី២០ កក្កដានេះ ទើបប្រទះឃើញក៏បានប្ដឹងនគរបាល ឲ្យចុះទៅឃាត់ខ្លួន ហើយជននោះមានកាំភ្លើងសៀតចង្កេះ នៅពេលនគរបាលទៅដល់ ជននោះខ្លាចនគរបាលឃើញកាំភ្លើង គេបានប្រើល្បិចធ្វើជាចុកពោះ យកដៃខ្ទប់ពោះដើរឱនៗ ប៉ុន្តែដោយមានការសង្ស័យ នគរបាលបានលូកដៃស្ទាប ប៉ះចំកាំភ្លើងខ្លី និងដកហូតយកទៅរក្សាទុក គឺជាប្រភេទកាំភ្លើងខ្លីបាញ់គ្រាប់កង់ បន្ទាប់មកទើបនាំជននោះទៅសាកសួរនៅប៉ុស្ដិ៍ ដើម្បីកសាងសំណុរឿងបញ្ជូនទៅតុលាការ៕