ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្ត សហការណ៍ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្វាយដង្គំ បានចុះត្រួតពិនិត្យរដ្ឋបាល រកឃើញជនអន្តោប្រវេសន៍ម្នាក់ជាជនជាតិ ទួគីដែលមកបម្រើការងារក្នុងក្រុងសៀមរាប ស្នាក់នៅដោយគ្មានច្បាប់ទម្លាប់ រួចយកមកកាន់ការិយាល័យអន្តោប្រវេសន៍ ដើម្បីធ្វើការសួរនាំ។ ហេតុការណ៍ឃាត់ខ្លួនជនបរទេសម្នាក់នេះធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យលនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះថា ក្នុងកិច្ចការចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងខាងលើនេះ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តបានចុះសហការណ៍ជាមួយ មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ស្វាយដង្គំ រកឃើញជនបរទេសម្នាក់ ស្នាក់នៅដោយខុសច្បាប់ រួចនាំយកមកធ្វើការសួរនាំនៅស្នងការខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការបន្ត ។
លោកបន្តថា ជនបរទេសម្នាក់នេះមាន ឈ្មោះ SAVANSER BORA ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិទួគី កាន់លិខិតឆ្លងដែនលេខ U07987760 ដែលបានចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ រហូតដល់ពេលឃាត់ខ្លួន។ ក្រោយពីបានធ្វើការឃាត់ខ្លួន ជនបរទេសខាងលើរួចមក កម្លាំងសមត្ថកិច្ច យើងបាននាំខ្លួនយកមកធ្វើការសាកសួរ នៅការិយាល័យនគរបាល អន្តោប្រវេសន៍ខេត្ត។ លោកនាយការិយាល័យបានបន្តទៀតថា យោងតាមចម្លើយសារភាពរបស់ជនបរទេសខាងលើបានប្រាប់សមត្ថកិច្ចថា រូបគាត់ពិតជាបានចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកដល់ ក្រុងសៀមរាប ហើយបានធ្វើជាអ្នកគ្រប់គ្រងនៅផ្ទះសំណាក់យីហោ(វ៉ូត ដូរ) VOODO ដែលមានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានចំនួន០៣ខែក៏ឈប់។
បន្ទាប់មកទៅធ្វើការនៅភោជនីយដ្ឋានមួយដែលមានយីហោ TUK TUK BAR ស្ថិតនៅតាមផ្លូវចូល សុខ សាន្ត (ចាស់)ក្នុងភូមិសាស្ត្រ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/សៀមរាប។ បច្ចុប្បន្នជនជាតិ ទួគី ម្នាក់ដែលចូលមកស្នាក់នៅក្នុងក្រុងសៀមរាប ដោយគ្មានច្បាប់នោះត្រូវបានកម្លាំងនគរបាលអន្តប្រវេសន៍ខេត្ត បានបញ្ជូនទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញ ប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាប របស់នាយកដ្ឋានស៊ើបអង្កេតនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ជាបន្ត៕