រហូតមកដល់ពេលនេះនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ នៅតែមានហ្គេមបាញ់ត្រី និងល្បែងស៊ីសងផ្សេងៗកើតឡើងយ៉ាងពេញបន្ទុក ហើយមន្ត្រីអាជ្ញាធរសង្កាត់ និងសមត្ថកិច្ចនគរបាលសង្កាត់ ទំនងជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបមិនចាត់វិធានការបង្ក្រាប ដើម្បីពង្រឹងសន្តិសុខសង្គម។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែ អំពាវនាវដល់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការបង្ក្រាបហ្គេមបាញ់ត្រី និងល្បែងកន្ទុយលេខ ភ្នាល់បាល់ទាត់ជាដើម ដែលកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងសង្កាត់ទួលសង្កែ។ ការអំពាវនាវរបស់ប្រជាពលរដ្ឋបែបនេះ គឺដោយសារតែពួកគាត់អស់ជំនឿលើអាជ្ញាធរសង្កាត់ សមត្ថកិច្ចសង្កាត់ទួលសង្កែ អាជ្ញាធរខណ្ឌ និងសមត្ថកិច្ចខណ្ឌប្ញស្សីកែវ ក្នុងការបង្ក្រាបបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទួលសង្កែ បានឲ្យដឹងថាមានហ្គេមបាញ់ត្រីជាង១០កន្លែងនៅម្ដុំផ្លូវរថភ្លើង និងនៅលើផ្លូវ២៧១ទល់មុខស្ថានីយ៍បូមទឹកស្អុយក្នុងសង្កាត់ទួលសង្កែ ត្រូវគេបើកលេង២៤ម៉ោងធ្វើឲ្យក្មេងតូចៗជាសិស្សសាលាបឋមសិក្សា និងសិស្សអនុវិទ្យាល័យជាច្រើនមកប្រមូលផ្ដុំគ្នាលេងហ្គេមនៅទីនេះ។ ក្រៅពីហ្គេមបាញ់ត្រីនិងល្បែងស៊ីសងផ្សេងៗកំពុងរាលដាលក្នុងសង្កាត់ ទួលសង្កែ គឺមានក្រុមបងតូច បងធំ ធ្វើសកម្មភាពលួចឆក់ប្លន់ ចែកចាយជួញដូរគ្រឿងញៀននៅក្នុងចំណុចខាងលើនេះផងដែរ។ ក៏ប៉ុន្តែចៅសង្កាត់ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ ក៏ដូចជាអភិបាលខណ្ឌប្ញស្សីកែវ និងអធិការនគរបាលខណ្ឌប្ញស្សីកែវ មិនចាត់វិធានការបង្ក្រាបបទល្មើសទាំងនោះ ដើម្បីពង្រឹងសន្តិសុខសង្គមទាល់តែសោះ។
ប្រជាពលរដ្ឋដែលមានកូនចៅវក់នឹងហ្គេមបាញ់ត្រី ក៏ដូចជាហ្គេមផ្សេងៗទៀតក្នុងសង្កាត់ទួលសង្កែ បានឲ្យដឹងថាកូនចៅរបស់ពួកគាត់វង្វេងស្មារតីលេងចូលសាលារៀន ហើយទៅសំកុកតែកន្លែងហ្គេមបាញ់ត្រី និងហ្គេមកម្សាន្តនៅទីតាំងជាង១០កន្លែងខាងលើ។ ប្រជាពលរដ្ឋបានរិះគន់ចំៗថា អ្នកកាងហ្គេមបាញ់ត្រីឈ្មោះ ហ៊ាណូ និងហ៊ាហេង មានខ្នងបង្អែកពីមន្ត្រីនគរបាលជាន់ខ្ពស់នៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហើយបទល្មើសគ្រឿងញៀនក៏កើតឡើងយ៉ាងពេញបន្ទុកដែរ។ ដោយសារព្រួយបារម្ភនឹងអនាគតកូនចៅរបស់ពួកគាត់ ទើបប្រជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែ អំពាវនាវឲ្យលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបហ្គេមបាញ់ត្រី និងល្បែងស៊ីសងក្នុងសង្កាត់ទួលសង្កែជាបន្ទាន់ ដើម្បីកុំឲ្យបទល្មើសកើតឡើងយ៉ាងពេញបន្ទុកតទៅទៀត៕