រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ១គ្រួសារ បាននាំគ្នាតវ៉ាដោយដុតកង់រថយន្តប្រឆាំងគ្រឿងចក្ររបស់អាជ្ញាធរ ដែលបានឈូសឆាយបើកផ្លូវនៅតំបន់អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ។ ការតវ៉ានេះបានផ្ទុះឡើងកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា នៅក្នុងតំបន់អភិវឌ្ឍន៍ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយលោក រ័ត្ន ស៊ា ភេទប្រុស អាយុ៦៨ឆ្នាំ បានធ្វើការចោទប្រកាន់មកលើអាជ្ញាធរខណ្ឌជ្រោយចង្វារ ជាអ្នកនៅពីក្រោយខ្នងកាងឲ្យគេចាក់ដីរំលោភលើដីរបស់គាត់។
លោក រ័ត្ន ស៊ា បានឲ្យដឹងថា ដីរបស់គាត់មានប្រមាណ ៧.០០០ម៉ែត្រការេ ស្មើនឹង១៣ឡូតិ៍ ដែលគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ។ លុះក្រោយមកត្រូវបានសាលារាជធានីភ្នំពេញ បានយកដីនោះបង្កើតជាតំបន់អភិវឌ្ឍន៍ឫស្សីកែវ លក់ទៅឲ្យមន្ត្រីរាជការជាន់លើដីរបស់គាត់ ហើយគាត់បានប្តឹងទៅតុលាការ កាត់ឲ្យ៩ឡូតិ៍ តែនៅពេលនេះត្រូវបានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានដោះស្រាយឲ្យគាត់តែ២ឡូតិ៍ ហើយនៅផ្លូវក្រោយដែលគាត់មិនអាចទទួលយកបាននោះទេ។ លោក រ័ត្ន ស៊ា បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ស្រាប់តែអាជ្ញាធខណ្ឌឫស្សីកែវបានយកគ្រឿងចក្រមកឈួសឆាយ រំលោភលើដីរបស់គាត់ ទើបគាត់នឹងក្រុមគ្រួសារបាននាំគ្នាដុតកង់ឡានតវ៉ាតែម្តង។
ចំណែកអាជ្ញាធរខណ្ឌឫស្សីកែវបានឲ្យដឹងថា អាជ្ញាធរ មិនបានចាក់ដីរំលោភ ឬការពារឲ្យគេចាក់ដីនោះទេ គឺចុះទៅឈូសឆាយបើកផ្លូវលេខ១៨០២ និង១៧១៩ទេ។អាជ្ញាធរឲ្យដឹងទៀតថា កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅអាជ្ញាធរក៏បានចុះទៅដកបង្គោល ម្តងមកហើយដែលលោក រ័ត្ន ស៊ា បានលួចបោះបង្គោលនៅលើដីអភិវឌ្ឍន៍ឫស្សីកែវ រំលោភលើដីឡូតិ៍លេខ ១,២,៤ ជាកម្មសិទ្ធិរបស់ឈ្មោះ ទ្រី ហេង និងកម្មសិទ្ធិឈ្មោះម៉ម ដូងសុជាតិ ដែលមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវ។ បន្ទាប់ពីមានការដុតកង់ឡាន នៅព្រឹកនោះ លោក រ័ត្ន ស៊ា ត្រូវបានសមត្ថកិច្ចហៅទៅសាលាខណ្ឌឫស្សីកែវសួរនាំផងដែរ៕